មេទ័ពជាន់ខ្ពស់អាមេរិក និងរុស្សុីជួបពិភាក្សាគ្នាតាមទូរស័ព្ទ

ចែករំលែក៖

មេទ័ពជាន់ខ្ពស់នៃអគ្គបញ្ជាការកងកម្លាំងទាហានរុស្ស៊ី និងអាមេរិក បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូងចាប់តាំងពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននាថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២។

សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកដែលបានបញ្ជាក់នៅថ្ងៃទី១៩ខែឧសភា ថា «អគ្គសេនាធិការចម្រុះអាមេរិកលោក Mark Milley បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ អគ្គសេនាធិការនៃកងទ័ពរុស្ស៊ី Valery Gerasimov»។ នេះជាលើកដំបូងហើយចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក។
ជំនួបពិភាក្សាខាងលើកើតឡើងក្រោយពេលដែលសេតវិមានរបស់លោកប្រធានាធិបតី ចូ បៃឌិន មានបំណងបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំងទៅឱ្យកងទ័ពអ៊ុយក្រែន ដើម្បីបំបែកការឡោមព័ទ្ធ និងការបិទខ្ទប់ច្រកសមុទ្រពីសំណាក់កងទ័ពជើងទឹករុស្ស៉ី នៅចំពោះមុខការព្រួយបារម្ភថា ការផ្ដល់អាវុធនេះអាចនឹងពន្លិចនាវាចម្បាំងរុស្ស៉ី ហើយនឹងធ្វើឱ្យជម្លោះកាន់តែឡើងកម្ដៅ។
អ៊ុយក្រែនបានប្រកាសជារឿយៗថា ខ្លួនត្រូវការអាវុធទំនើបៗពីសហរដ្ឋអាមេរិកបន្ថែមពីលើកាំភ្លើងធំ, មីស៊ីលប្រឆាំងរងក្រោះ, មីស៊ីលប្រឆាំងយន្ដហោះចម្បាំង និងអាវុធជាច្រើនទៀតដែលមានស្រាប់។ តួយ៉ាងនៅក្នុងបញ្ជីតម្រូវការអាវុធរបស់ទីក្រុងកៀវ រួមមានមីស៊ីលដែលបណ្ដេញនាវាចម្បាំងរុស្ស៉ីចេញពីតំបន់កំពង់ផែរបស់ខ្លួនជាច្រើនក្នុងតំបន់សមុទ្រខ្មៅ ដើម្បីអាចចាប់ផ្ដើមនាំចេញផលិតផលកសិកម្មទៅកាន់ពិភពលោកឡើងវិញ។
បើតាមក្រុមមន្ត្រីអាមេរិក,ការបញ្ជូនអាវុធទំនើបៗទៅឱ្យកងទ័ពអ៊ុយក្រែន មានឧបសគ្គរារាំងជាច្រើនពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលប្រើប្រាស់, ការបារម្ភខ្លាចអាវុធអាមេរិកធ្លាក់ចូលដៃរុស្ស៉ី ហើយជាពិសេសខ្លាចសង្រ្គាមផ្ទុះឡើងកាន់តែធំ៕ ដោយធីរីណា


រូប​ថត​ :​ Reuters

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print