ជ័យ សុវ៉ាត ទម្លាយប្រថ្នូលមួយមុនពេលមរណភាពរបស់ឪពុកម្តាយសុវត្ថិឌី ធារិកា

ចែករំលែក៖

ភ្នំពេញ៖ ពិធីបុណ្យសពរបស់ម្តាយឪពុកតារាចម្រៀង សុវត្ថិឌី ធារិកា បានបញ្ចប់ហើយនៅព្រឹកមិញនេះបន្ទាប់ពីសពបានតម្កល់ទុកធ្វើបុណ្យនៅវត្តស្ទឹងមានជ័យចាប់តាំងពីយប់ថ្ងៃទី១៧ ខែឧសភាមក។ មុននេះ តារាចម្រៀង ជ័យសុវ៉ាត ដែលជិតដិតជាមួយតារាចម្រៀងស្រីរូបនេះបានទម្លាយអំពីប្រថ្នូលមួយដែលលោកបានជួបមុនពេលម្តាយឪពុករបស់នាងបានទទួលមរណភាពក្នុងថ្ងៃតែមួយ។
នៅក្នុងពិធីបុណ្យសពម្តាយឪពុកតារាចម្រៀងសុវត្ថិឌី ធារិកា នេះដែរ តារាចម្រៀងជ័យ សុវ៉ាត ដែលជាអ្នកជិតដិតនឹងក្រុមគ្រួសារនាងបានលើកឡើងថា ឪពុកនិងម្តាយធារិកាជាមនុស្សរួសរាយរាក់ទាក់ និងតែងតែពោលពាក្យលេងសើចផ្អែមល្ហែមទៅកាន់គ្នា ហើយរាល់ពេលចេញទៅកម្សាន្ត ឬបំពេញការងារនៅតាមខេត្តពួកគាត់ចូលចិត្តធ្វើដំណើរជុំគ្នា បង្កើតបានជាបរិយាកាសសប្បាយរីករាយ។ អ្វីដែលធ្វើឱ្យលោកកត់សម្គាល់កាលពីពេលថ្មីៗកន្លងទៅនេះគឺពួកគាត់តែងតែនិយាយថា ពួកគាត់គឺជាគូព្រេងនឹងគ្នា ដែលទេវតាកំណត់មកទើបជួបគ្នាក្នុងជាតិនេះ ហើយបើបែកគ្នាក៏ត្រូវបែកក្នុងពេលតែមួយដែរ។ លោកថា ពាក្យនេះលោកបានឮញឹកញាប់ណាស់ក្រោយពីលោកនិងមិត្តភក្កិចំអន់គ្នាអំពីរឿងមិនដឹងជាពេលណាបានជួបគូស្រករនឹងគេ និងស្រលាញ់គ្នាផ្អែមល្ហែមដូចពួកគាត់។ លោកនិយាយទៀតថា ពេលនេះគឺដូចពួកគាត់ពោលមែនថាពួកគាត់គឺបានធ្វើដំណើរចេញឆ្ងាយពីក្រុមគ្រួសារ និងកូនក្មួយដោយគ្មានថ្ងៃត្រឡប់ក្នុងថ្ងៃតែមួយ ហើយលោកពិតជាសោកស្តាយខ្លាំងណាស់ដែលបានបាត់បង់ពួកគាត់គឺដូចជាបាត់បង់សមាជិកក្រុមគ្រួសារខ្លួនឯងដូច្នេះដែរ។
គួរបញ្ជាក់ដែរថា ឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីមួយ។ តាមសមត្ថកិច្ចបានលើកលើងថា រថយន្តជនរងគ្រោះបានជួបគ្រោះថ្នាក់ដោយការ ក្រឡាប់ចូលប្រឡាយទឹកនៅជាប់ផ្លូវបណ្តាលឱ្យឈ្លក់ទឹកស្លាប់តែម្តង ដោយសារមិនអាចសង្គ្រោះបានទាន់ពេលវេលា ។ សពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមទំនៀមទម្លាប់ និងរៀបចំពិធីបូជានៅថ្ងៃទី១៩ ខែឧសភាកន្លងមកថ្មីៗនេះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print