ខេត្តបន្ទាយមានជ័យ៖ ដោយសារថ្ងៃ២០ ឧសភា ជាថ្ងៃដែលប៉ុលពតបានសម្រេចដាក់ចេញនយោបាយប្រល័យពូជសាសន៍ ទើបប្រជាជនកម្ពុជាទូទាំងប្រទេស កំណត់យកថ្ងៃនេះជាទិវាគោរពវិញ្ញាណក្ខន្ធ និងរំលឹកឡើងវិញនូវរបបដ៏ខ្មៅងងឹតក្នុងគុកនរកលោកីយប្រល័យពូជសាសន៍ក្នុងរបប៣ ឆ្នាំ៨ខែនិង២០ ថ្ងៃ។ នេះគឺជាប្រសាសន៍លើកឡើងរបស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាដែលបានស្លាប់ដោយសារការទទួលទារុណកម្មយ៉ាងសែនខ្លោចផ្សានិងអយុត្តិធម៌ទាំងផ្លូវកាយ ផ្លូវចិត្ត ដែលពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្នុងបរិវេណវត្តសុភមង្គល ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានអដ្ឋិធាតុ តម្កល់នៅទីវត្តអារាមនេះ។
បន្ទាប់ពីក្រុមអាចារ្យ គណៈកម្មការវត្តបានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនានោះរួចមក លោក អ៊ុំ រាត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ របបប្រល័យពូជសាសន៍ប៉ុលពតបានសាបព្រោះឧក្រិដ្ឋកម្មរាប់មិនអស់មកលើរចនាសម្ព័ន្ធសង្គមទាំងមូល ធ្វើឱ្យច្របូកច្របល់ក្រឡាប់ចាក់រលំរលាយ ប្រជាជនត្រូវគេដកហូតនូវសិទ្ធិសេរីភាពសូម្បីតែការរស់នៅជាមនុស្សក៏គ្មានផង គឺមានតែការធ្វើពលកម្មធ្ងន់ធ្ងរ បង្អត់អាហារ និងធ្វើទារុណកម្ម ការកាប់សម្លាប់គ្មានត្រាប្រណី។ មួយវិញទៀតគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា៖ ប៉ុលពតបានធ្វើសកម្មភាពដ៏កាចសាហាវព្រៃផ្សៃ អមនុស្សធម៌ ក្នុងយុគសម័យដ៏ខ្មៅងងឹតក្រោមការត្រួតត្រានៃរបបប្រល័យពូជសាសន៍ដែលពាក់ស្លាកកម្ពុជាប្រជាធិបតេយ្យដើម្បីបោកបញ្ឆោតមតិជាតិនិងអន្តរជាតិ រួចចាប់អនុវត្តនយោបាយប្រល័យពូជសាសន៍ រំលោភច្បាប់ស្ដីពីការគោរពសិទ្ធិមនុស្សតាមទិសស្លោកដែលអង្គការកំណត់គឺ “វាយខ្ទេច បំផ្លាញខ្ទេច ” ជីកស្មៅត្រូវជីកទាំងឫស ” និង “ទុកក៏មិនចំណេញដកចេញក៏មិនខាត “។
លោកអ៊ុំ រាត្រី បានបញ្ជាក់បន្ថែមថា៖ដោយក្តាប់បាននូវចរិត និងផែនការប្រកបដោយមហន្តរាយដែលនាំទៅដល់ការរលំរលាយសាបសូន្យសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល កម្លាំងសាមគ្គីប្រជាជាតិមួយត្រូវបានប្រមូលផ្ដុំជាចលនាតស៊ូប្រឆាំងនិងផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យក្លែងក្លាយនេះ។ នៅតំបន់មួយចំនួនក្រោយមកចលនានេះត្រូវបានប្រមូលផ្ដុំបង្កើតឡើងជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២០ខែធ្នូ ឆ្នាំ ១៩៧៨ ហើយបានប្រមូលផ្ដុំគ្នាយ៉ាងឆាប់រហ័សជាកម្លាំងមហាសាមគ្គីជាតិក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិ បានធ្វើការវាយសម្រុកយ៉ាងខ្លាំងក្លាលើរបបប្រល័យពូជសាសន៍រហូតបានទទួលជ័យជម្នះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ចុងបញ្ចប់នៃកម្មវិធីគោរពវិញ្ញាណក្ខន្ធ គណៈអធិបតីក៏បានរាប់បាត្រប្រគេនព្រះសង្ឃ១០០អង្គនិងបានឧទ្ទិសបុញ្ញរាសី កុសលផលបុណ្យនៃពិធីបង្សុកូល រាប់បាត្រថ្ងៃនេះជួយបីបាច់ថែរក្សាវិញ្ញាណក្ខន្ធប្រជាជនដែលបាត់បង់ជីវិតយ៉ាងសែនទារុណខ្លោចផ្សាក្រោមរបបប្រល័យពូជសាសន៍ សូមបានអណ្តែតត្រសែតទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយវណ្ណា