ខេត្តតាកែវ៖ បើយោងតាមប្រភពព័ត៌មានពីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទសម្រាប់កសិករដែលមានចំណូលទាប» និង «គម្រោងចែកចាយទឹកស្អាតដើម្បីអនាគតទាំងអស់គ្នា» នៅស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែឧសភាម្សិលមិញនេះ ក្រោមមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ក្នុងពិធីនេះ ដោយមានការចូលរួមពីសំណាក់ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ, មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ, លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋាននៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, និងលោក WU Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា គម្រោងទាំងពីរខាងលើនេះ នឹងត្រូវដាក់ឱ្យអនុវត្តសម្រាប់រយៈពេល ១ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ដែលគ្រោងចំណាយថវិកាប្រមាណជាង ៨៧ ម៉ឺនដុល្លារអាម៉េរិក ក្រោមមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្រុកគិរីវង់ សំដៅជំរុញកំណើនសេដ្ឋកិច្ចជនបទឱ្យកាន់តែប្រសើរឡើង ដោយផ្តល់ការគាំទ្រដល់សហគមន៍កសិកម្មចំនួន៤ ដែល ស្ថិតនៅក្នុងឃុំតាអូរ ឃុំសោម និងឃុំគិរីចុងកោះ ដែលរួមមាន សហគមន៍កសិកម្មគិរីឧត្តមតាអូរ, សហគមន៍កសិកម្មពីងពុងសុខសែនជ័យ, សហគមន៍កសិកម្មទំនប់អាងស្រែកេស និងសហគមន៍កសិកម្មភូមិបីមានជ័យ។
ចំពោះ «គម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទសម្រាប់កសិករដែលមានចំណូលទាប» នឹងផ្ដោតលើការអនុវត្តសកម្មភាពមួយចំនួនដូចជា ការសាងសង់ឃ្លាំងស្តុកបន្លែតាមសហគមន៍, ការសាងសង់ជង្រុកស្រូវ, ការសាងសង់ឃ្លាំងត្រជាក់សម្រាប់ដាក់បន្លែ, ការផ្ដល់ជូនគ្រាប់ពូជបន្លែ ជីកសិកម្ម និងឧបករណ៍កសិកម្ម, ការផ្ដល់ជូនឧបករណ៍កែឆ្នៃ និងការវេចខ្ចប់, ការអភិវឌ្ឍជំនាញធ្វើសាប៊ូ , ព្រមទាំងវគ្គសិក្ខាសាលាផងដែរ។ ដោយឡែក «គម្រោងចែកចាយទឹកស្អាតដើម្បីអនាគតទាំងអស់គ្នា» គ្រោងនឹងអនុវត្តសកម្មភាពមួយចំនួនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកបរិសុទ្ធជនបទខ្នាតតូច, ការដំឡើងប្រព័ន្ធទុយោទឹកប្រវែងសរុបប្រមាណ ៣០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់សហគមន៍ទាំង៤ និងតបណ្ដាញទឹកភ្ជាប់កុងទ័រចូលតាមផ្ទះជូនគ្រួសារក្រីក្រ ៤០០ គ្រួសារ, ការជីកអណ្ដូងជម្រៅជ្រៅដែលមានលក្ខណៈស្តង់ដា, ការកសាងសមត្ថភាពសម្រាប់សហគមន៍លើផ្នែកហិរញ្ញវត្ថុ និងកុំព្យូទ័រ, ព្រមទាំងកម្មវិធីបណ្តុះបណ្តាលសមត្ថភាព និងទស្សនកិច្ចសិក្សាលក្ខណៈជាតិនិងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាកិច្ចសហប្រតិបត្តិការអនុតំបន់ប្រភេទថ្មីរវាងប្រទេសនៅតាមដងទន្លេឡានឆាង-មេគង្គទាំង៦ (ចិន កម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម) ដែលមានគោលដៅរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃបណ្តាប្រទេសក្នុងតំបន់មេគង្គ ដោយផ្ដោតលើការលើកកម្ពស់សុខុមាលភាពប្រជាជន កាត់បន្ថយនូវគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាប្រកបដោយសុខសន្តិភាពនិងវិបុលភាព។ មូលនិធិពិសេសនេះបានចាប់ដំណើរការនៅឆ្នាំ២០១៦ ក្នុងពេលដែលកម្ពុជាជាសហប្រធាននៃកិច្ចសហប្រតិបត្តិការ ហើយគិតមកដល់បច្ចុប្បន្ន កម្ពុជាទទួលបានគម្រោងសរុបចំនួន៨០ ដែលគ្របដណ្តប់លើវិស័យមួយចំនួន រួមមាន អប់រំ កសិកម្ម ការកាត់បន្ថយភាពក្រីក្រ បរិស្ថាន ធនធានទឹក អាកាសចរ វប្បធម៌ ធម្មការនិងសាសនា ជាដើម។ ក្នុងបរិបទនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានសម្រេចវឌ្ឍនភាពលើការពង្រឹងសកម្មភាពអាទិភាពចំនួន៦ លើស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ រួមមាន ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព, ការពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹក, ការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្ដារសេដ្ឋកិច្ចឡើងវិញ, ការស្ដារឡើងវិញនូវវិស័យទេសចរណ៍, និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងនៅថ្នាក់មូលដ្ឋាន។
នៅក្នុងឱកាសនេះផងដែរ តំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះការសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងទាំងពីរ ក្រោម មូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែល នឹងរួមចំណែកដល់ការ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងសហគមន៍ក្នុងស្រុកគិរីវង់ ។ សមិទ្ធផលថ្មីនេះ គឺជាសក្ខីភាពសបញ្ជាក់ពីវប្បធម៌នៃឡានឆាង-មេគង្គ ដែលបង្ហាញពីការប្រាស្រ័យទាក់ទងគ្នាដោយស្មើភាព ជួយគ្នាទៅវិញទៅមកដោយស្មោះ និងភាពស្និទ្ធស្នាលប្រៀបដូចគ្រួសារតែមួយ ដែលចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅបេះដូងនៃប្រជាជន។ ជាមួយគ្នានេះ លោកបានលើកឡើងថា “ចិននិងកម្ពុជាជាមិត្តដែកថែប និងជាសហគមន៍វាសនារួម ហើយ កិច្ចសហប្រតិបតិ្តការនៃប្រទេសយើងទាំងពីរក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គតែងបោះជំហានឈានមុខគេ” ហើយកិច្ចសហប្រតិបត្តិការនេះតែងអនុវត្តតាមគោលការណ៍ “ជាក់ស្តែងប្រសិទ្ធិភាពខ្ពស់ យកគម្រោងជាគោល យកជីវភាពរស់នៅរបស់ប្រជាជនជាចម្បង”។ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អរបស់កម្ពុជា ភាគីចិននឹងបន្តផ្តល់ការគាំទ្រនិងជំនួយទៅតាមលទ្ធភាពដែលអាចធ្វើបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការ កែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាដើម្បី ជំរុញវិបុលភាពរួមនៃតំបន់ឡានឆាង-មេគង្គ, កសាងសហគមន៍ វាសនារួមសម្រាប់អាស៊ី, និងកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
ជាកិច្ចឆ្លើយតបនឹងការដាក់ឱ្យអនុវត្តគម្រោងទាំងពីរខាងលើ លោក សុខ សូកាន ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ បានសម្ដែងនូវអំណរសាទរ និងបានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំសហការក្នុងការជំរុញឱ្យគម្រោងទាំងពីរបានលេចចេញជារូបរាងឡើងលើទឹកដីស្រុកគិរីវង់។ ជាមួយគ្នានេះ លោកក៏បានសម្ដែងនូវអំណរគុណចំពោះស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាក់ស្ដែងនៅស្រុកគិរីវង់នេះផ្ទាល់ រួមមានជាអាទិ៍ ជំនួយជាសម្ភារៈ អគារសិក្សា ស្ថានីយ៍បូមទឹក និងសមិទ្ធផល រូបវ័ន្តនានាជាច្រើននាពេលកន្លងមក ពិសេស ការដាក់អនុវត្តនូវគម្រោងទាំងពីរខាងលើ ស្ថិត ក្រោមមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាថ្ងៃនេះផ្ទាល់ ដែលនឹងចូលរួមចំណែកឆ្លើយតបនូវតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសហគមន៍ កសិកម្ម នៅស្រុកគិរីវង់។
បន្ថែមពីលើនេះ លោកក៏បានបន្ថែមទៀតថា ក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចតេជោ បានដឹកនាំនិងនាំមុខ ក្នុងយុទ្ធនាការប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ គួរជាទីមោទនៈ ដោយសម្រេចបានអត្រាខ្ពស់នៃចំនួនប្រជាជនទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រមទាំងបានគ្រប់គ្រងជំងឺកូវីដ-១៩និងផលប៉ះពាល់បានល្អប្រសើរ ។ ភាពជោគជ័យដ៏ត្រចះត្រចង់នៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបន្សុំាសហគមន៍នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា ងើបឡើងវិញក្នុងកំណើនរង្វង់ ៣,០% ក្នុងឆ្នាំ ២០២១ និង ៥,៦% ក្នុងឆ្នាំ២០២២។ ការណ៍នេះធ្វើឱ្យប្រទេសកម្ពុជាមានទំនុកចិត្តកាន់តែខ្លាំងថែមទៀត ក្នុងការបើកប្រទេស និងសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញ»។
លោកក៏បានគូសបញ្ជាក់បន្ថែមទៀតថា «សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពគឺជាអ្វីដែលស្រស់ស្អាតបំផុត សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ ជាចុងក្រោយ លោក សុខ សូកាន ក៏បានអំពាវនាវផងដែរឱ្យប្រជាពលរដ្ឋនៅស្រុកគិរីវង់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ដើម្បីជ្រើសរើសគណបក្សនិងបេក្ខជនដែលខ្លួនពេញចិត្ត និងជឿទុកចិត្ត ដោយសេរី និងយុត្តិធម៌ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕ដោយ៖ស តារា