ពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២១ខែឧសភា អ៊ុយក្រែនបានច្រានចោលព័ត៌មានថា ប្រទេសនេះបានព្រមព្រៀងលើបទឈប់បាញ់ជាមួយរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ពីគោលជំហរ ថា នឹងមិនទទួលយកការបន្ធូរបន្ថយណាមួយប៉ះពាល់ដល់ប្រទេសជាតិនោះឡើយ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២២ ខែឧសភា ឆ្នាំ២០២២នេះ បានផ្សាយថា អ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ឬការផ្ដល់សម្បទានណាមួយដល់ទីក្រុងមូស្គូ ខណៈដែលទាហានរុស្ស៉ីកំពុងបង្កើនការវាយលុកនៅក្នុងតំបន់ ដុនបាស់ ស្ថិតនៅភាគខាងកើតនៃប្រទេស និងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ហ្វាំងឡង់ ក្រោយបដិសេធបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ, ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានទទួលស្គាល់ថា ស្ថានភាពនៅក្នុងតំបន់ដុនបាស់ គឺពិតជាលំបាកជាទីបំផុត ដោយទាហានរុស្ស៉ីកំពុងវាយប្រហារលើទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុងSloviansk និងទីក្រុង Sievierodonetsk។ ប៉ុន្តែ បើតាមលោកហ្សេលេនស្គី ទាហានអ៊ុយក្រែនក៏កំពុងវាយទប់ទល់យ៉ាងខ្លាំងក្លាចំពោះការវាយប្រហារពីសំណាក់ទាហានរុស្ស៉ីផងដែរ។
ដោយឡែក ទីប្រឹក្សារបស់លោក ហ្សេលេនស្គី គឺលោក មីខៃឡូ ប៉ូដូលីយ៉ាក់ (Mykhailo Podolyak) បានអះអាងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ៊ុយក្រែននឹងមិនទទួលយកបទឈប់បាញ់ឬកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៉ី ដែលមានជាប់ពាក់ព័ន្ធនឹងការបោះបង់ចោល ឬធ្វើសម្បទានទឹកដីនោះទេ។
រុស្ស៉ីបានប្រកាសជ័យជម្នះទាំងស្រុងហើយលើរោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីក្រុមចុងក្រោយនៃអ្នកប្រយុទ្ធរបស់អ៊ុយក្រែន បានទម្លាក់អាវុធចុះចាញ់។ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ទីក្រុង Mariupol ហើយនិងរោងចក្រដែកថែប Azovstal ត្រូវ «រំដោះបានទាំងស្រុង» បន្ទាប់ពី ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចំនួន ៥៣១នាក់ចុងក្រោយបានទម្លាក់អាវុធចុះចាញ់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមលោក ហ្សេលេនស្គី ក្រុមអ្នកប្រយុទ្ធចុងក្រោយ ទទួលបានការអនុញ្ញាតពីរូបលោកក្នុងការចាកចេញពីរោងចក្រ Azovstal៕ ដោយធីរីណា
រូបថត :TTXVN