សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង : នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយដែលអញ្ជើញចូលរួមយុទ្ធនាការឃោសនាជាមួយថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំព្រឹកនាថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នាពេលនេះ និងបានថ្លែងអំណរគុណចំពោះវត្តមាននៃការអញ្ជើញចូរួមជួបជុំគ្នានាពេលនេះ ដោយសម្ដេចបានជូនពរគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំព្រឹកទទួលបានជោគជ័យម្រាប់ការបោះឆ្នោតនេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងក្ដីរំភើបរីករាយនៅពេលធ្វើដំណើរមកកាន់ស្រុកភ្នំព្រឹក សម្ដេចបានសង្កេតឃើញប្រជាពលរដ្ឋរស់នៅក្នុងជីវភាពបានល្អប្រសើរឆ្ងាយជាងកាលពីអតីតកាល ដ្បិតសម្ដេចសង្កេតឃើញមានមធ្យោបាយធ្វើដំណើរម៉ូតូឡានពេញដងផ្លូវ រួមទាំងគ្រឿងចក្របំរើឱ្យវិស័យកសិកម្ម ខណៈតាមដងផ្លូវក៏សង្កេតឃើញប្រជាពលរដ្ឋប្រកបរបរទទួលទានជាហូរហែដែលជាផ្នែកមួយយ៉ាងសំខាន់បង្ហាញថាពលរដ្ឋកំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រកបដោយភាពរីករាយក្រោមម្លប់សុខសន្តិភាព។

សម្ដេចក្រឡាហោមក៏បានយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ មន្រ្តីរាជការ ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់នៅស្រុកភ្នំព្រឹកនេះ ដែលបានរួមកម្លាំងសាមគ្គីគ្នាបំរើជាតិ បំរើប្រជាជនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅស្រុកភ្នំព្រឹកនេះ ហើយជាមួយគ្នានេះ សម្ដេចក៏បានថ្លែងសង្កត់ធ្ងន់ថាគណបក្សប្រជាជនស្រុកភ្នំព្រឹកត្រូវបន្តទទួលជោគជ័យសម្រាប់ការបោះឆ្នោតនេះដើម្បីបន្តរួមចំណែកការពារសុខសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

សម្ដេចបន្តថាការអភិវឌ្ឍជាតិ ថ្វីដ្បិតកម្ពុជាបានឈានដល់ដំណាក់កាលដូចបច្ចុប្បន្ននេះមែន ប៉ុន្តែកម្ពុជាមិនទាន់ឈានដល់គោលដៅដូចដែលចង់បាននោះនៅឡើយទេ ដោយត្រូវឆ្លងកាត់ដំណាក់កាលពីពេលនេះដល់ឆ្នាំ២០៣០សម្រេចឱ្យបាននូវការអភិវឌ្ឍជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ដូច្នេះបេសកកម្មរយៈពេលនៃអាណត្តិ៥ឆ្នាំក្នុងដំណើរការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាមានបេសកកម្មធ្វើឱ្យសម្រេចគោលដៅនេះ តាមរយៈបទពិសោធន៍ដឹកនាំប្រទេស និងធនធានមនុស្សដែលទទួលបានការបណ្ដុះបណ្ដាលជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្ស ស្រុក ឃុំ ក្នុងស្រុកភ្នំព្រឹកយកចិត្តទុកដាក់ជ្រើសរើសប្រធានបទសំខាន់ៗដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់ជ្រួតជ្រាប​ ដូចជាកត្តាសុខសន្តិភាព ការផ្សះផ្សារ ការង្រួបបង្រួមជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងថ្មីៗនេះគឺប្រធានបទពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដឹកនាំគ្រប់គ្រងការប្រយុទ្ធនឹងជំងឺឆ្លងនេះប្រកបដោយប្រសិទ្ធភាព ជាពិសសការចាក់វ៉ាក់សាំងយ៉ាងលឿនរហ័ស ធ្វើឱ្យបង្កើតបានភាពសាំសហគមន៍។

សម្ដេចក្រឡាហោម ស ខេង ក៏បានយកឱកាសនេះថ្លែងអំពីលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំ គឺការបើកចិត្តឱ្យទូលំទូលាយ កុំចង្អៀតចង្អល់ ឬបែងចែកប្រជាជន ពោលគឺត្រូវចាត់ទុកប្រជាជននៅមូលដ្ឋានរបស់ខ្លួនទាំងអស់ ទោះមកពីគណបក្សណាក៏ដោយ ក៏ជាកម្មវត្ថុដែលខ្លួនត្រូវបំរើ ត្រូវផ្ដល់សេវា ត្រូវផ្ដល់គាំទ្រ និងជួយសង្គ្រោះគ្រប់បែបយ៉ាង។ ជាមួយគ្នានេះ សម្ដេចក៏បានណែនាំឱ្យមន្រ្តីជាថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ត្រូវផ្ដល់ការលើកទឹកចិត្តសម្រាប់អ្នកខិតខំប្រឹងប្រែង ចៀសវាងការបង្កើតជម្លោះផ្ទៃក្នុង​ បែងចែកក្រុម បក្សពួក​ និងការបំពេញការងារប្រាសចាកពីច្បាប់ទម្លាប់។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម​ ស ខេង បានសង្កត់ធ្ងន់ថាគណបក្សប្រជាជនកម្ពុជា ពុំមានវប្បធម៌មកជួបប្រជាពលរដ្ឋតែនៅពេលបោះឆ្នោតនោះឡើយ ពីព្រោះថ្នាក់ដឹកនាំក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ បានយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខប្រជាពលរដ្ឋ។ ជាមួយនឹងការអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសង្ឃឹមជឿជាក់ខ្ពស់ថាគណបក្សប្រជាជនស្រុកភ្នំព្រឹក នឹងទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print