កម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់(IRGC) បានបញ្ជាក់ថា វរសេនីយ៍ឯក Sayyad Khodai ដែលជាមន្ត្រីសន្តិសុខជាន់ខ្ពស របស់(IRGC) បានរងការធ្វើឃាតនៅខាងក្រៅផ្ទះរបស់លោកក្នុងរដ្ឋធានីតេអេរ៉ង់។
សារព័ត៌មានរ៉យទ័របានផ្សាយថា វរសេនីយ៍ឯក Sayyad Khodai ជាមន្ត្រីសន្តិសុខជាន់ខ្ពស់នៃកម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ប្រហារនៅជិតផ្ទះរបស់លោកក្នុងរដ្ឋធានីតេអេរ៉ង់ នាល្ងាចថ្ងៃទី២២ខែឧសភា ។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា លោកវរសេនីយ៍ឯក Sayyad Khodai បានរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើងជិះមូ៉តូ ។ ជនដៃដល់ពីរនាក់បានបាញ់យ៉ាងតិច៥គ្រាប់ទៅលើជនរងគ្រោះពេលដែលលោកឈានចុះពីរថយន្ត ដើម្បីធ្វើដំណើរចូលផ្ទះបណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ បានបញ្ជាក់ថា ការសម្លាប់វរសេនីយ៍ឯក Sayyad Khodai គឺជាសកម្មភាពភេរវកម្ម ។ នៅពេលនេះ ក្រុមជំនាញអុីរ៉ង់កំពុងតែបើកការស្រាវជ្រាវពីករណីធ្វើឃាតខាងលើ៕ ដោយធីរីណា
រូបថត : Reuters