ភ្នំពេញ : នៅព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត បានធ្វើសកម្មភាពឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន នៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ តាមលទ្ធភាព និងមធ្យោបាយផ្សេងៗរបស់គណបក្ស នយោបាយនីមួយៗ។
តាមការសង្កេតឃើញថា សកម្មភាពឃោសនារបស់គណបក្សនយោបាយក្នុងថ្ងៃទីបីនេះ ភាគច្រើនជាការជួបប្រជុំ ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការចែកខិត្តប័ណ្ណតាមផ្ទះ និងមានសកម្មភាពហែក្បួនឃោសនាមួយចំនួនផងដែរ។
ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃ ទីបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ញា និងនីតិវិធី រួមទាំងសេចក្ដីណែនាំ ៕
ដោយ : សិលា