រថយន្តធុនធំសង្ស័យដឹកទំនិញ​គេចពន្ធ​បើកឆ្លងដែនចូលប្រទេសវៀតណាមជិតមាត់ច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមសេចក្ដីរាយការណ៍ថា មានរថយន្តយីឌុបធុនធំជាច្រើនគ្រឿងឃ្លុំជិតសង្ស័យជាទំនិញគេចពន្ធខុសច្បាប់បង្កប់ក្នុងនោះ នៅជិតមាត់ច្រករបៀងក្រសាំងជ្រំ ត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម នៅពេលយប់ម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២  ស្ថិតក្នុងភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចម្នាក់បានបង្ហើបឱ្យដឹងថា  រយៈពេលកន្លះខែមកនេះមានរថយន្តយីឌុបធំៗប្រភេទវ៉េអង ចាប់ពី០៥ទៅ១០គ្រឿង ឃ្លុំជិត និងរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កជាច្រើនគ្រឿងដឹកទំនិញចុះពីផ្លូវជាតិលេខ១ តាមមុខខ្លោងទ្វារវត្តស្វាយជ្រំ ឆ្ពោះទៅព្រំដែនប៉ុស្តិ៍ច្រករបៀងក្រសាំងជ្រំរាល់ថ្ងៃដែលគេសង្ស័យថាជាទំនិញគេចពន្ធខុសច្បាប់។

ប្រភពបន្តទៀតថា ប៉ុស្តិ៍ច្រករបៀងក្រសាំងជ្រំប៉ុន្មានខែចុងក្រោយនេះគឺមានឈ្មួញមករកស៊ីនាំទំនិញចេញ​ចូលទៅប្រទេសវៀតណាមច្រើន ពោលគឺពេលថ្ងៃឈ្មួញនាំផ្លែឈើពីប្រទេសវៀតណាមចូលតាមច្រករបៀងក្រសាំងជ្រំមានដូចជា ផ្លែស្រការនាគ ទុរេន និងខ្នុរជាដើម ដោយបានដឹកតាមរថយន្តសាំយ៉ុងយកទៅរាជធានីភ្នំពេញ ហើយពេលយប់ឈ្មួញ លួចនាំទំនិញគេចពន្ធទៅប្រទេសវៀតណាម មានដូចជា ស្ករស, បារី, គ្រឿងអេតចាយ និងទំនិញគេចពន្ធផ្សេងៗទៀតគ្របជិត។
ប្រភពបានបង្ហើបទៀតថា ស្ករសនិងបារី គឺជារបស់ប្រពន្ធលោកមេបញ្ជាការកងរាជ​អាវុធហត្ថ​ស្រុកស្វាយជ្រំ ដោយស្តុកនៅក្នុងឃ្លាំងស្ថិតនៅភូមិក្រសាំងជ្រំ ហើយផ្ទេរដឹកតាមត្រាក់ទ័រក្នុង១យប់ៗ រាប់សិបតោន។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំបានបំភ្លឺតាមទូរស័ព្ទប្រាប់អ្នកសារព័ត៏មានថា ទំនិញស្ករសជារបស់ប្រពន្ធលោកដែលបានបង់ពន្ធគយ និងបង់ថ្លៃផ្លូវរួចហើយដែរ។ ប៉ុន្តែប្រជាពលរដ្ឋ កើតជាចម្ងល់ថា បើបង់ពន្ធអស់ហើយម្តេចក៏ចេញតែពេលយប់ហើយដឹកតាមត្រាក់ទ័រចេញតាមផ្លូវវាងឆ្លង​ប្រឡាយទៅប្រទេសវៀតណាមទៅវិញ។

ចំពោះលោកមេប៉ុស្តិ៍នគរបាល ច្រករបៀងក្រសាំងជ្រំ នគរវត្តមិនអាចសុំការបំភ្លឺបានទេនារសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២នេះ៕

...

ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print