រដ្ឋមន្ត្រីក្រសួងការពារជាតិ Sergei Shoigu បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីនឹងបន្តយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីរងគំនាប ក៏ដូចជាការផ្តល់អាវុធពីបណ្តាប្រទេសលោកខាងលិចឱ្យទៅអ៊ុយក្រែនក៏ដោយ។
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅក្នុងអង្គការសន្តិសុខរួម (CSTO) កាលពីថ្ងៃទី ២៤ខែឧសភា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបន្តសកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែនតទៅទៀត ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារ
ជាតិរុស្ស៉ី លោក Sergei Shoigu បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៉ីមានចេតនាបង្អន់ល្បឿនវាយលុក របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទុកឱកាសឱ្យជនស៊ីវិលជម្លៀសខ្លួន ខណៈដែលបណ្ដាប្រទេសលោកខាងលិចអះអាងថាកងទ័ពរុស្ស៉ីកំពុងជាប់គាំងស្ទើរតែគ្រប់សមរភូមិ រួមទាំងនៅក្នុងតំបន់ដុនបាស់ផងដែរ។
លោក Sergei Shoigu បានធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រុស្ស៉ី ជាមួយនឹងការសង្កត់ធ្ងន់ថា ការបង្អន់ល្បឿនវាយលុកធ្វើឡើងដោយចេតនា សំដៅបញ្ចៀសគ្រោះថ្នាក់ស្លាប់ឬរងរបួសនៅក្នុងចំណោមជនស៊ីវិល។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីរូបនេះបានបញ្ជាក់ដូច្នេះថា «ជាការណ៍ពិតណាស់, ការបង្អន់ល្បឿនវាយលុកនេះធ្វើឡើងដោយចេតនា ដើម្បីបញ្ចៀសគ្រោះថ្នាក់ស្លាប់ ឬរងរបួសនៅក្នុងចំណោមជនស៊ីវិល»។ លោក Shoigu បន្ថែមទៀតថា «បទឈប់បាញ់ជាច្រើនត្រូវបានប្រកាសឡើង រីឯច្រកផ្លូវមនុស្សធម៌កំពុងត្រូវបានបង្កើតឡើងក្នុងគោលបំណងជម្លៀសជនស៊ីវិលទៅរកកន្លែងមានសុវត្ថិភាព»។
តែទោះជាបែបនេះក្ដី, ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានចំអកថា ការអត្ថាធិប្បាយរបស់លោក Shoigu គឺជាពាក្យសម្ដីកុហក និងគួរឱ្យអាណិត ដើម្បីបិទបាំងការខូចខាតធ្ងន់ធ្ងររបស់កងទ័ពរុស្ស៉ីតែប៉ុណ្ណោះ៕ ដោយធីរីណា
រូបថត : PAP/TTXVN