ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា ( Monkeypox )

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា ក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលរបាយការណ៍អំពីការផ្ទុះ ឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា (Monkeypox) ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លើបុគ្គលម្នាក់នៅចក្រភពអង់គ្លេសដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៍ ដែលមានកន្លែងជំងឺ នេះបានកើតមានបែបអង់ដេមី (Endemic area)។ ករណីជំងឺអុតស្វានេះ ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅបណ្តាប្រទេសប្រមាណជា ១៩ប្រទេស នៅលើសកលលោក ដែលមិនមែនជាប្រទេសអង់ដេមី នៃជំងឺ នេះ ដោយគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ករណីជំងឺអុតស្វា ដែលបានរាយការណ៍ជូនអង្គការ សុខភាពពិភពលោក មានចំនួនសរុប ១៥៨នាក់ មានអ្នកសង្ស័យសរុបចំនួន ១១៧នាក់ ដែលកំពុងត ធ្វើការអង្កេតបញ្ជាក់ និងមិនទាន់មានករណីស្លាប់នៅឡើយ។ គួរកត់សម្គាល់ថា នៅតំបន់ប៉ាស៊ីហ្វិក ខាងលិច មានការរាយការណ៍ពីករណីជំងឺអុតស្វានេះ ចំនួន ២ករណី ហើយ។

គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ ដែលមានចំណុចសំខាន់ៗត្រូវអនុវត្តដូចខាងក្រោមនេះ៖

១សម្រាប់ករណីសង្ស័យ ឬករណ៏ឈឺ ៖

– ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅ កន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ សម្រាប់បុគ្គលខាងលើ ក៏
នេះ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា។

– ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។

– ត្រូវសាកសួរដល់អ្នកនៅជុំវិញជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។
– · បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ – ២០០៥ (IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។

២. សម្រាប់ប្រជាជនទូទៅ ៖

– ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬជល អាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។

ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំង ការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺ បានជាសះស្បើយ។

– ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារៈ ប្រើប្រាស់របស់បុគ្គលនេះ ដោយឡែក។

– បុគ្គលសង្ស័យដែលមិនមានរោគសញ្ញាមិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារ ជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការ តាមដានសុខភាពរយៈពេល ២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

– ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។

– ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជា ជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដ ជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។

– បុគ្គលដែលមានចេញកន្ទួលរមាស់អមដោយគ្រុនក្តៅ នឹងមានរោគសញ្ញាដូចខាងលើនេះ ត្រូវ ទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ ដោយឡែកភ្លាមៗរហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរ ពិសោធន៍ផងដែរ។

– អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្តីពីការការពារ ការចម្លងរោគនៅក្នុងសហគមន៍របស់ខ្លួន។

៣. សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល (ទាំងរដ្ឋ និងឯកជន) ៖

ការលើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងបុគ្គលិកសុខាភិបាល ត្រូវធ្វើជា ចាំបាច់ដើម្បីទប់ស្កាត់ និងបញ្ឈប់ការចម្លងបានទាន់ពេលវេលា ជាពិសេសបុគ្គលិកសុខាភិបាល ត្រូវតែអនុវត្តវិធានការការពារផ្ទាល់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងមានការប្រុងប្រយ័ត្ន ដោយមានការគ្រប់គ្រងការ ចម្លងរោគឆ្លងនៅក្នុងមន្ទីរពេទ្យឱ្យបានត្រឹមត្រូវ។ អនុវត្តការពារការចម្លងរោគនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ស្របតាមលក្ខណៈបច្ចេកទេសពេទ្យដែលធ្លាប់បានបណ្តុះបណ្តាល និងណែនាំកន្លងមកហើយនៅក្នុងបរិបទការពារជំងឺកូវីដ-១៩។ ពេលជួបករណីសង្ស័យ ឬអ្នកឈឺជំងឺនេះ ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) មុននឹងប៉ះពាល់ ជាមួយអ្នកជំងឺ ឬបុគ្គលដែលសង្ស័យ។

គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណ៏សង្ស័យណាមួយដែល កើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។
ត្រូវតាមដាន និងកំណត់អត្តសញ្ញាណករណ៏ដំបូង ចង្កោមនៃការឆ្លងមេរោគប្រភពនៃការឆ្លងដើម្បីការពារការឆ្លងបន្ត ឱ្យបានឆាប់បំផុត។

ត្រូវប្រុងប្រយ័ត្ន និងតាមដានយ៉ាងហ្មត់ចត់ ចំពោះអ្នកជំងឺដែលមានចេញកន្ទួលពងរមាស់លើ ស្បែក (rash) ឬពងទឹកខុសពីធម្មតា (pustular) ដែលជារឿយៗមានគ្រុនក្តៅ និងមានរោគសញ្ញាដូច បានរៀបរាប់ខាងលើនេះផងដែរ។

ពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ណាស់ក្នុងកាលៈទេសៈ ដែលមិនទាន់មានការរាតត្បាតជំងឺនៅក្នុងប្រទេសនៅឡើយ ដើម្បីអាចរកករណីសង្ស័យ ឬករណីឆ្លង បានលឿន និងអាចចាត់វិធានការណ៍សុខាភិបាលបានទាន់ពេលវេលា ចៀសវាងការពារការចម្លងបន្ត គ្នានៅក្នុងក្រុមគ្រួសារ និងសហគមន៍។

៤. សម្រាប់អ្នកដំណើរចេញចូលអន្តរជាតិ ៖

– មន្ត្រីប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់នូវ អ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយ មានគ្រុនក្តៅ និងមានរោគសញ្ញាដូចរៀបរាប់ខាងលើ រួមមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែក ខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypox endemic) មានដូចជា ប្រទេសប៉េណាំង (Benin), កាមេរ៉ូន (Cameroon), សាធារណរដ្ឋអាហ្វ្រិកកណ្តាល (the Central African Republic), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្វូ (the Democratic Republic of the Congo), ហ្គាបុង (Gabon), ហ្គាណា ដែលរកឃើញនៅលើសត្វតែប៉ុណ្ណោះ (Ghana identified in animals_only), កូដឌីវ័រ (Ivory Coast), លីបេរី (Liberia), នីហ្សេរីយ៉ា (Nigeria), សាធារណរដ្ឋកុងហ្គោ (the Republic of the Congo), សេរ៉ាឡេអូន (Sierra Leone), និងប្រទេសស៊ូដង់ខាងត្បូង (South Sudan) ត្រូវរាយការណ៍ទៅអាជ្ញាធរ សុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥ ឬលេខដែលមានជូនខាងក្រោមនេះ។

– មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមាន ការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាដូចបានជម្រាបជូនចំណុចខាងលើ។

– ត្រូវណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាងការ ប៉ះពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់)ដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Morkeypox) នេះ (ដូចជាពពួកកកេរ សត្វប្រភេទបែបដូចកង់ហូរ និងថនិកសត្វ)ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ។
– ត្រូវរាយការណ៍នូវរោគសញ្ញាមិនធម្មតា និងរោគសញ្ញាដែលសង្ស័យ ជូនទៅអ្នកជំនាញសុខភាព រួមជាមួយនឹងប្រវត្តិធ្វើដំណើររបស់អ្នកជំងឺ។

៥-ការបង្ការត្រៀមបម្រុង៖

ក្រៅពីវិធានការខាងលើ ក្រសួងនឹងរិះរកប្រភពដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វ ទុកជាមុន។

៦. សម្រាប់ព័ត៌មានបន្ថែម ៖

– ប្រសិនបើមានចម្ងល់លើករណីនេះ ឬសំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ឬ តាមលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៨៣៦ ៨៦៨ ឬ ០១២ ៩៥៨ ១៧៩៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print