ប្រធានាធិបតីពូទីន បានចុះហត្ថលេខាលើច្បាប់ផ្តល់សញ្ជាតិដល់ពលរដ្ឋនៅក្នុងតំបន់ Kherson, Zaporozhye ដែលមានបំណងចូលសញ្ជាតិរុស្ស៊ី។
តាមច្បាប់ថ្មីរបស់ប្រធានាធិបតីពូទីនមានខ្លឹមសារថា «ពលរដ្ឋរបស់អ៊ុយក្រែន ពលរដ្ឋរស់នៅតំបន់ Donetsk និង Lugansk ទទួលបានសិទ្ធិពិសេស អាចសុំចូលសញ្ជាតិរុស្ស៊ីស្របនឹងច្បាប់ពលរដ្ឋ»។
តាមច្បាប់ថ្មី ពលរដ្ឋអ៊ុយក្រែន រស់នៅក្នុងតំបន់ Kherson, Zaporozhye អាចចូលសញ្ជាតិរុស្ស៊ីបានដោយមិនចាំបាច់រស់នៅក្នុងទឹកដីរុស្ស៊ី ក៏ដូចជានិយាយភាសារុស្ស៊ីនោះឡើយ។
កាលពីឆ្នាំ២០១៩ លោកពូទីន បានចុះហត្ថលេខាបន្ថយការរិតត្បិតចំពោះពលរដ្ឋអ៊ុយក្រែនដែលចង់ចូលសញ្ជាតិរុស្ស៊ី។ នៅឆ្នាំ២០១៩ ទីក្រុងមូស្គូបានផ្តល់សញ្ជាតិរុស្សុីឱ្យពលរដ្ឋនៅតំបន់ Donetsk និង Lugansk ជាង៨សែននាក់។
ក្នុងពេលនេះដែរ ក្រសួងការបរទេសអ៊ុយក្រែនបានប្រឆាំងនឹងការសម្រេចរបស់រុស្ស៊ីដោយចាត់ទុកថាជា«ការសម្រេចបំពានអធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន ។
នៅទីក្រុងវ៉ាស៊ីនតោនឯណោះវិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price បានបញ្ជាក់ថា គម្រោងខាងលើគឺជាផ្នែកមួយនៃការខិតខំរបស់រុស្ស៊ីដើម្បីបញ្ចុះបញ្ជូលពលរដ្ឋអ៊ុយក្រែនងាកទៅរុស្ស៊ី៕ ដោយធីរីណា
រូបថត : TASS