ខេត្តក្រចេះ÷បុរសម្នាក់ព្រោះតែកំហឹងគ្មានមូលដ្ឋានច្បាស់ លាស់បានធ្វើសកម្មភាពយកកូនកាំបិតចាក់ទៅលើម្ដាយក្មេកចំភ្នែកខាងឆ្វេងបណ្ដាលឱ្យរងរបួសព្រោះតែចោទប្រកាន់ថាស្ត្រីជាម្ដាយក្មេកមានផែន ការបំបែកខ្លួនពីប្រពន្ធហើយអោយទៅរៀបការជាមួយប្រុសថ្មី។ យ៉ាងណា ក៏ដោយ ក្រោយហេតុការណ៍មន្ត្រីនគរបាលបានចាប់ខ្លួនបុរសជាកូនប្រសារនាំយកទៅឃុំខ្លួននៅអធិការរដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្ត។
មន្ត្រីនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចុះចាប់ឃាត់ ខ្លួនបុរសដៃដល់ជាកូនប្រសារម្នាក់បាន ភ្លាមៗ បន្ទាប់ពីជននេះបានធ្វើសកម្មភាពយកកាំបិតចាក់ លើស្រ្តីរងគ្រោះជាម្តាយ ក្មេកបណ្តាលអោយត្រូវរបួសធ្ងន់ចំភ្នែកខាងឆ្វេង ក្រោយពីមានការប្រតាយប្រតប់គ្នាមួយប្រាវ ។ ស្ត្រីជាម្ដាយក្មេកដែលរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យស្រុកស្នួលភ្លាមៗផងដែរ។
មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកស្នួលបានឲ្យដឹងថា ដើមចមដែលឈានអោយមានរឿងនេះក៏ ដោយសារតែបុរសដៃដល់ជាកូនប្រសារ ខឹងស្រ្តីរងគ្រោះជាម្តាយក្មេកថាមានចេតនាចង់បំបែកប្រពន្ឋរបស់ខ្លួន ចេញពីរូបខ្លួនអោយទៅយកប្តីថ្មី។ ករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ ទោស(ចាក់នឹងកូនកាំបិត) និង ប្រើប្រាស់អាវុធកែឆ្នៃខុសច្បាប់ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៥ ខែឧសភា នៅចំណុចដំណាក់ស្តេច ស្ថិតនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យជាកូនប្រសារ ឈ្មោះ រឹម សុផា(ហៅជាងម៉ៅ) អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំនែកឯស្រ្តីរងគ្រោះជាម្តាយក្មេកឈ្មោះ លឹម រ៉េត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅនៅអធិការរដ្ឋាននគរបាលស្រុកស្នួលដើម្បីកសាងសំណុំ រឿងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សូរិយា