សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់មកពីចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមទទួល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២២-២៦ ឧសភា កន្លងទៅ នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស។ នេះបេី​យោង​តាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។ កិច្ចប្រជុំប្រចាំ ឆ្នាំ២០២២ នានិទាឃរដូវ បានផ្តោតកិច្ចពិភាក្សាជុំវិញមូលបទ ប្រវត្តិសាស្រ្តនៅចំណុចរបត់ៈ គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្រ្តធុរកិច្ច បានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំជិត ២.៥០០នាក់ មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

នាឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមទទួល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក-លោកស្រី ប្រតិភូជាន់ខ្ពស់ អភិបាលរាជធានីភ្នំពេញ ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនដែរ ថា ជាលទ្ធផល នៃកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស គឺទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ « ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក ឥស្សរជននយោបាយ និងធុរជនពិភពលោកជាច្រើនទៀតផងដែរ។

លើសពីនេះទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើននាក់ ដែលនេះបង្ហាញពីទឹកចិត្តគោរពស្រឡាញ់រាប់អានចំពោះ សម្ដេចតេជោ ហ៊ុន សែន៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print