នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះកម្ពុជា ដែលទើបទទួលបានមេដាយសំរិទ្ធិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះកម្ពុជា ដែលទើបទទួលបានមេដាយសំរិទ្ធិ ជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Sea Game) លើកទី៣១ ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម​ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

មានប្រសាសន៍សំណេះសំណាល លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្តែងការអបអរសាទរចំពោះជ័យជំនះដែលក្រុមប្រតិភូក៏ដូចជាគ្រូបង្វឹក និងក្រុមកីឡាបាលទះជម្រើសជាតិកម្ពុជាទាំងអស់ ដែលបានបញ្ចេញស្នាដៃយ៉ាងល្អជូនប្រទេសជាតិ។ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងនាមសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងនាមរដ្ឋាភិបាល ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា មានមោទនភាពចំពោះអ្វីដែលយើងទទួលបាននៅពេលនេះ និងសូមកោតសរសើរ ហើយចាត់ទុកជាជោគជ័យធំមួយជំហានទី១ ដែលវិស័យកីឡាបាល់ទះរបស់យើងប្រហែល៤០ឆ្នាំមកហើយមិនដែលទទួលបានជោគជ័យដូចពេលនេះទេ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងពិធីសំណេះសំណាលបានសង្កត់ធ្ងន់ទៅចំណុចចំនួន៣ មកធ្វើការជំរុញវិស័យកីឡាបាល់ទះកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត ដែលក្នុងនោះ ទី១-ត្រូវបង្កើតកីឡាបាល់ទះនារីដើម្បីបំពេញលក្ខខណ្ឌ អាចឲ្យកីឡាបាល់ទះចូលរួមប្រកួតក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ ទី២-ត្រូវបង្កើតឲ្យមានទីលានប្រកួតដែលមានលក្ខណៈស្របតាមស្តង់ដារអន្តរជាតិ និងទី៣-ត្រូវបង្កើនការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ ដូចជាប្រទេសអ៊ីរ៉ង់ ទូកគី និងបារាំងជាដើម ដើម្បីបំប៉នបន្ថែមដល់ក្រុមជម្រើសជាតិកម្ពុជា ដោយធ្វើការអញ្ជើញគ្រូក៏ដូចជាកីឡាករអន្តរជាតិទាំងនោះមកប្រកួតនៅប្រទេសកម្ពុជាផ្ទាល់តែម្តង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជំរុញឲ្យកីឡាបាល់ទះជម្រើសជាតិទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ឲ្យអស់លទ្ធភាព ព្រោះការបញ្ចេញញើសនៅក្នុងទីលានហ្វឹកហាត់ប្រសើរជាងការបង្ហូរឈាមនៅក្នុងទីលានប្រកួត។ ឯកឧត្តម គូសបញ្ជាក់ថា ក្នុងនាមជាកីឡាករត្រូវមាន៣ចំណុចសំខាន់ គឺ១-កម្លាំង, ២-បច្ចេកទេស និង៣-បូកផ្សំជាមួយសំណាងផងដែរ។

លោកនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត​ សាវឿន​ បន្តថា ការប្រកួតនៅប្រទេសវៀតណាម គឺជាបទពិសោធ និងជាលក្ខណៈបច្ចេកទេសមួយដែលបានឆ្លងកាត់ និងលើកយកចំណុចខ្វះខាតអ្វីខ្លះគួរកែលំអរបែបណា និងត្រៀមសម្រាប់ការប្រកួតទៅឆ្នាំក្រោយ។ លើសពីនេះ ឯកឧត្តម ក៏បានកោតសរសើរផងដែរ ដល់ក្រុមកីឡាករយើងទាំងអស់ចេះសាមគ្គីគ្នាបានល្អ ឈានទៅទទួលបានមេដាយជូនប្រទេសជាតិ។

ក្នុងពិធីសំណេះសំណាលនេះដែរ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានជំរុញឲ្យខេត្តចំនួន៦ ដែលនៅមិនទាន់បានបង្កើតក្រុមកីឡាបាល់ទះ (មានអាជ្ញាបណ្ណ) ដែលក្នុងនោះមាន៖ ខេត្តកណ្តាល កោះកុង កំពត រតនៈគិរី មណ្ឌលគិរី និងពោធិសាត់ ត្រូវបង្កើតឲ្យបានឆាប់ដើម្បីធ្វើការហ្វឹកហាត់កីឡាករ។

មុននឹងបញ្ជប់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យក្រុមកីឡាករបាល់ទះជម្រើសជាតិទាំងអស់ ត្រូវរក្សាសុខភាព រក្សាកម្លាំងឲ្យបានល្អ ជៀសវាងនូវគ្រឿងស្រវឹង ជាពិសេសត្រូវមានផែនការរក្សាសុខភាព និងកម្លាំងដើម្បីធ្វើកាហ្វឹកហាត់ត្រៀមចូលរួមការប្រកួតនៅឆ្នាំក្រោយ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២។

ដើម្បីជាការលើកទឹកចិត្ត ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានឧបត្ថម្ភដល់ប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ ចំនួន ២៥នាក់ ក្នុងម្នាក់ថវិកាចំនួន ២០០ដុល្លារផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print