ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក សមាជិកា និងអាជ្ញាធរក្នុងមូលដ្ឋានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ផ្ដល់ជូនបងប្អូនកម្មករដែលរងផលប៉ះពាល់ដោយទឹកជន់លិច ចំនួន ១៧៦ គ្រួសារ នៅក្រុមហ៊ុនចំការចេកហ័ងអាញ់ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
ការនាំយកអំណោយទៅផ្ដល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនោះនៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះមាន១៧៦គ្រួសារហើយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ មុង១ ភូយ១ សារុង១ ក្រមា១ និងជែលលាងដៃ១ដបផងដែរ។
នាឱកាសនោះ លោក ញ៉ែម សំអឿន បានលើឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយ មិនប្រកាន់ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ហើយលោកក៏បានអំពាវនាវដល់បងប្អូន ដែលរងផលប៉ះពាល់ដោយទឹកជន់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទឹកទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងៗ មិនត្រូវឱ្យលេងទឹក ដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថា
ហេតុ ដូចជាសត្វអាសេរពឹសជាដើមផង និងត្រូវហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យខ្ពស់ផងដែរ។
លោក សេក ហៃ អភិបាលស្រុកកូនមុំថាតាំងពីថ្ងៃទី ១៨ ខែ ឧសភាឆ្នាំ ២០២២ កន្លងទៅមានករណីទឹកជន់លិចផ្ទះរបស់បងប្អូនកម្មករនៅក្នុងក្រុមហ័ងអាញ់ តែមិនមែនដូចទឹកជំនន់ជន់លិចរៀងរាល់ឆ្នាំនោះទេ វាគ្រាន់តែជាការបាក់ទំនប់របស់ក្រុមហ៊ុនចំការចេកដោយសារក្រុមហ៊ុនបានស្តុកទឹកទុក។
ប៉ុន្តែដោយសារមេឃមានភ្លៀងខ្លាំងប៉ុន្មានថ្ងៃនេះ ទើបទឹកបុកបាក់ទំនប់ស្តុកទឹក ជាហេតុធ្វើឱ្យទឹកហូរសង្គ្រប់មកលិចផ្ទះស្នាក់នៅរបស់កម្មករត្រឹម តែ២ ម៉ោង ប៉ុណ្ណោះទឹកក៏ស្រកទៅវិញអស់ភ្លាមៗដែរ។
អាជ្ញាធរ ស្រុក ឃុំ ជាមួយកម្លាំងប្រដាប់អាវុធបានចុះអន្តរាគមន៍ជួយបងប្អូនកម្មករទាន់ពេលវេលាមិនឱ្យមានប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់នោះទេ គ្រាន់តែខូចខាតផ្ទះស្នាក់នៅជាង១០០បន្ទប់ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ៕