សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសសារធាតុញៀនជាង ១៤០០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ-កំពង់ស្ពឺ : គ្រឿងញៀននាពេលបច្ចុប្បន្នពិតជាមិនធម្មតាមែនកំពុងតែធ្វើការវាយលុកចូលទៅក្នុងប្រទេសជាពិសេសនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្ដង បើមិនមានការខិតខំប្រឹងប្រែងពីសំណាក់កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ធ្វើការសហការក្នុងការបង្ក្រាបទាន់ពេលវេលានោះទេ អាចនឹងធ្វើឱ្យមានបញ្ហាជាច្រើនទៅដល់សង្គមជាតិជាពិសេសជាយុវជនដែលជាទំពាំងស្នងឬស្សីផ្ទាល់តែម្ដង។ជាក់ស្ដែងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសសារធាតុញៀនជាង ១៤០០គីឡូក្រាម និងគ្រឿងញៀនជាង ២២០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញ”ក១០” របស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្តិ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេលជាង ០២ខែរួចមក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨និង៣០នាទី សមត្ថកិច្ចយើងបានបើកប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
១. ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជនជាតិចិន (តៃវ៉ាន់) រួមមាន ៖
-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ (មេការ)
-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបច្ចេកទេស)
-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ឆ្នាំ (អ្នកបច្ចេកទេស)
-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបច្ចេកទេស)។
២. ចាប់យកវត្ថុតាង៖
-ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ
-សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ 40 kg 51.7g
-ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ 1425 kg
-ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 0.9g
-សារធាតុគីមីផ្សំ 11 tone 525 kg

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ មន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print