លោក​ ឡូយ​ សុផាត៖​ សមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ក្នុងកំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ តាមបណ្តាឃុំចំនួនបីគឺឃុំកោះសំពាយ ឃុំអូរម្រះ និងឃុំអូរឬស្សីកណ្តាល ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានសមាសភាពចូលរួមសរុបទាំងបីឃុំប្រមាណ ៣៥៥នាក់។

នាឱកាសនេះ លោក ឡូយ សុផាត បានថ្លែងអំណរគុណដល់បងប្អូនសមាជិកយើងគ្រប់រូបតាមបណ្តាឃុំនានា ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។

លោក​ ឡូយ​ សុផាត​ ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ និងបានសង្កត់ធ្ងន់អំពីសារសំខាន់ និងតម្លៃសន្តិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកម្ពុជា និងបានស្នើឲ្យគ្រប់គ្នា ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិតែងបានសាទរ និងកោតសរសើរខ្ពស់ គឺ”មានសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមានសន្តិភាព និងការអភិវឌ្ឍន៍”។

លោកប្រធាន​ក្រុមការងារ​ ក៏បានស្នើដល់បងប្អូនសមាជិកបក្សយើង ត្រូវខិតខំកែប្រែជីវភាពរស់នៅ តាមរយៈការបង្កើនចំណេះដឹង គំនិត ប្រាជ្ញា ស្មារតី នាំឱ្យមានការផ្លាស់ប្តូរការគិត ចេះច្នៃប្រឌិត ការកែច្នៃផលិតផលរបស់ខ្លួន នឹងនាំឲ្យមានការរីកចម្រើន ដោយត្រូវទន្ទេញចាំមាត់ថា “ដីមាស ទឹកប្រាក់” មានន័យថា មានទឹកស្រោចស្រព្វដំណាំ នឹងទទួលបានទិន្នផលសម្រាប់លក់ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនផងដែរ។

ជាមួយគ្នានោះ​ លោក​ ឡូយ​ សុផាត​ ក៏បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងថែមទៀត។

នាឱកាសនោះដែរ លោក ឡូយ សុផាត ព្រមទាំងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារជួយស្រុកសៀមបូក បានឧបត្ថម្ភសកម្មជនមានវ័យចាស់ចំនួនបីនាក់ និងសកម្មជនពិការជើងចំនួនពីរនាក់ក្នុងឃុំកោះសំពាយ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥០ ០០០រៀល និងឧបត្ថម្ភថវិកាដល់គណៈកម្មាធិការបក្សឃុំអូរម្រះចំនួន ២ ០០០ ០០០ រៀលផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print