ភ្នំពេញ : នៅព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈប្រតិភូកម្ពុជា បានធ្វើជាសហប្រធាន កិច្ចសន្ទនាលើកទី៤ ស្ដីពីសិទ្ធិមនុស្សរវាងកម្ពុជា និងអង់គ្លេស ក្រោមប្រធានបទ “បរិយាប័ន្ន និងការចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣” ដែលបានរៀបចំធ្វើឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និង អៀឡង់ដ៍ខាងជើង។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា, សមាសភាពគណៈប្រតិភូកម្ពុជាដែលបានចូលរួមក្នុងកិច្ចសន្ទនាខាងលើ រួមមានតំណាងអញ្ជើញមកពី ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ រីឯភាគីអង់គ្លេសដឹកនាំដោយ លោកស្រី Joelle Jenny ប្រធាននាយកដ្ឋានកិច្ចការអាស៊ីអាគ្នេយ៍ និងឥណ្ឌូប៉ាស៊ីហ្វិក អមដោយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងប្រធាននាយកដ្ឋានកិច្ចការអាស៊ីអាគ្នេយ៍ ព្រមទាំងអ្នកជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ នេះជាកិច្ចសន្ទានាលើកទី ៤ ហើយក៏ជាជុំចុងក្រោយផងដែរ។ កិច្ចសន្ទនានេះជាគំនិតផ្តួចផ្តើមដែលទទួលបានការឯកភាពពី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា និង លោក Dominic Raab ពេលនោះជា រដ្ឋមន្ត្រីទីមួយ (ស្មើឧបនាយករដ្ឋមន្ត្រី) និងជា រដ្ឋមន្ត្រីការបរទេសអង់គ្លេស ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។
កិច្ចសន្ទនាលើកទី ១ ទី ២ និងទី៣ ត្រូវបានធ្វើឡើងនៅកម្ពុជា។ កិច្ចសន្ទនាដែលត្រូវបានធ្វើឡើងនៅទីក្រុងឡុងដ៍នេះបានប្រព្រឹត្តទៅក្នុងបរិយាកាសយល់ពីគ្នា គោរពរាប់អានគ្នា និង វាយតម្លៃខ្ពស់ទៅវិញទៅមក ដោយភាពស្និទ្ធស្នាលរាក់ទាក់ ដែលជាសញ្ញាណដ៏ល្អដល់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទាំងពីរ។
បន្ទាប់ពីកិច្ចសន្ទនាខាងលើ លោកបណ្ឌិត ចែម វីឌ្យ៉ា ក៏បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាជាមួយ លោក Keith Shannon អ្នកជំនាញផ្នែកកិច្ចការអឺរ៉ុបខាងកើត លើបញ្ហាតំបន់ និងបញ្ហាអន្តរជាតិនានាផងដែរ ៕
ដោយ : សិលា