ភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលកាត់ឆ្វៀល ដីតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ទំហំ៣ ៤៤៨ហិកតា និង៧៧អា ដាក់បញ្ចូលមកតំបន់២ និងប្រគល់ជូនពលរដ្ឋ ចំនួន ១៦៥៨គ្រួសារ មានសិទ្ធប្រើប្រាស់និងអាស្រ័យផល ។
សូមបញ្ជាក់ជូនថា, រាជរដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ហិកតា ៧៧អា ស្ថិតនៅភូមិសាស្ត្រស្រុកចំនួន៣ ក្នុងខេត្តពោធិ៍សាត់ ចេញពីតំបន់៣ បញ្ចូលមកតំបន់២ ដូចមានផែនទីនិងតារាងនិយាមកាភ្ជាប់មកជាមួយនិងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ៦៥៨គ្រួសារ ដើម្បីមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផល ដូចខាងក្រោម៖
១- ឃុំកំពង់ពោធិ៍ ឃុំកំពង់លួង ឃុំអន្សាចំបក់ និងឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានផ្ទៃដីសរុបទំហំ ១ ១២២ហិកតា ៤៥អា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន ៧០៦គ្រួសារ។
២- ឃុំកញ្ជរ ឃុំរាំងទិល ឃុំស្យា និងឃុំស្រែស្តុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានផ្ទៃដីសរុបទំហំ ១ ១៦៩ហិកតា ៧២អា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន ៥៨៥គ្រួសារ។
៣- ឃុំបឹងបត់កណ្ដោល ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានផ្ទៃដីសរុប ទំហំ ១ ១៥៦ហិកតា ៦០អា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន ៣៦៧គ្រួសារ។
បើយោងតាមអនុក្រឹត្យ សម្រេច :
មាត្រា១..កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣ នៃបឹង ទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់ ២ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 4RN Datum WGS 1984 ដូចមានផែនទីបង្ហាញទីតាំងដី និង តារាងនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធទី១, ទី២ និងទី៣ នៃអនុក្រឹត្យនេះ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ៦៥៨ គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល ក្នុងនោះ ៖
១.ឃុំកំពង់ពោធិ៍ ឃុំកំពង់លួង ឃុំអន្សាចំបក់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ដីទំហំ ១ ១២២ ហិកតា ៤៥ អា ជូនប្រជាពលរដ្ឋចំនួន ៧០៦ គ្រួសារ។ ២.ឃុំកញួរ ឃុំរាំងទិល ឃុំស្យា ឃុំស្រែស្តុក ស្រុកកណ្តៀង ដីទំហំ ១ ១៦៩ ហិកតា ៧២ អា ជូនប្រជាពលរដ្ឋចំនួន ៥៨៥ គ្រួសារ។
៣ឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ដីទំហំ ១ ១៥៦ ហិកតា ៦០ អា ជូនប្រជាពលរដ្ឋចំនួន ៣៦៧ គ្រួសារ។
មាត្រា២ ..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៣..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕
ដោយ : សិលា