ខេត្តកណ្តាល៖ លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រីប្រមាណ ៤៦៨នាក់ នៅទីស្នាក់ការគណបក្សស្រុក នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីពង្រឹងសតិអារម្មណ៍របស់ស្ត្រីឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។
លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន ការងារដែលត្រូវធ្វើបន្ត និងការងារត្រៀមធ្វើក្នុងពេលខាងមុខដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋស្រុកកោះធំដែលរួមមាន៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កីឡដ្ឋានហែលទឹកស្រុកកោះធំ ស្ពានឆ្លងទន្លេបាសាក់ស្រុកកោះធំ គម្រោងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសូឡាចំនួន២៨០០ដើម ការសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រឱ្យមានស្តង់ដារខ្ពស់ខ្នាតអន្តរជាតិសំដៅផ្តល់ទំនុក ចិត្តលើការផ្តល់សេវាថែទាំសុខភាព សុខុមាលភាពជូនប្រជាពលរដ្ឋស្រុកកោះធំ និងកិច្ចសហការរវាង មន្ទីរពេទ្យតេជោសែន កោះធំ និងមន្ទីរពេទ្យកាល់ម៉ែតជាដើម។
លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ដែលបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈស្របតាមពាក្យស្លោក “មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូច ពេលសព្វថ្ងៃនេះ”។
ជាមួយគ្នានោះផងដែរ លោក ស៊ុន ចាន់ថុល បានអំពាវនាវឱ្យក្រុមការងារស្ត្រីទាំងអស់ជួយផ្សព្វផ្សាយ អំពីការពិតនៃសមិទ្ធផលទាំងនេះទៅកាន់មិត្តភក្កិ បងប្អូនសាច់ញាតិ ក៏ដូចជាសាធារណៈជនឱ្យបាន យល់ជ្រួតជ្រួបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកប្រធាន បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារស្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាក់ទាញ និងជំរុញលើកទឹកចិត្តសមាជិកសមាជិកា គណបក្សបន្ថែមទៀតសំដៅទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀតនៅតាមមូលដ្ឋាន ក៏ដូចជានៅក្នុងក្របខណ្ឌទូទាំងផងដែរ៕ដោយ៖សហការី