អាជ្ញាធរខេត្តសៀមរាប ចុះផ្សព្វផ្សាយកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្តសៀមរាប​ បានឱ្យដឹងថា​ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារទទួលបន្ទុក ក្រុងសៀមរាប បានចុះផ្សព្វផ្សាយកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប ព្រមទាំងបានផ្សព្វផ្សាយ អំពីអនុសាសន៍របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីបឹងទន្លេសាប។

ក្នុង​ឱកាស​នោះ​ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី តំណាងស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ខណ្ឌផលជលសៀមរាប អាជ្ញាធរក្រុង អធិការក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង បញ្ជាការដ្ឋានសឹករងក្រុង ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋប្រហែលចំនួន ៥០០នាក់​ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ​​។

សូមជម្រាបថា​ ដោយមានការគិតគូរខ្ពស់ពីទុកលំបាករបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនចំពោះប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែង។

ដូច្នេះការកែសម្រួលនេះ ប្រជាពលរដ្ឋនឹងអាចទទួលបានដីកម្មសិទ្ធ ឬអាស្រ័យផលដោយស្របច្បាប់ ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋបានធ្វើការសាទរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរយ៉ាងពិតប្រាកដអំពីសុខទុក្ខ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលយូរឆ្នាំមកហើយ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print