អាជ្ញាធរខេត្តកំពង់ធំ ចុះផ្សព្វផ្សាយការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ក្នុងស្រុកតាំងគោក

ចែករំលែក៖

ខេត្តកំពង់ធំ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តកំពង់ធំ​ បានឱ្យដឹងថា​ អាជ្ញាធរខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ក្នុងស្រុកតាំងគោក ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ផ្សព្វផ្សាយការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋដែលបានរស់នៅតំបន់ដាច់ស្រយាល និងអាស្រ័យផលជាយូរមកហើយ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ​ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ថោង ខុន បានពាំនាំការនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចតេជោ ជូនចំពោះពុកម៉ែងប្អូនទាំងអស់នៅទីនេះ និងជម្រាបជូននូវដំណឹងល្អ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យកាត់ឆ្វៀលដីដែលប្រជាពលរដ្ឋបានកំពុងរស់នៅ និងអាស្រ័យផលជាយូរមកហើយ អាចធ្វើកាករបង្ករបង្កើនផលបន្តទៀត ព្រមទាំងចេញប្លង់កម្មសិទ្ធិដីធ្លីឱ្យថែមទៀតផង។

លើសពីនេះទៀត លោកបណ្ឌិត ថោង ខុន បញ្ជាក់ទៀតថា ចំពោះប្រជាពលរដ្ឋដែលបានរស់នៅ និងអាស្រ័យផល ជាយូរមកហើយនៅក្នុងតំបន់នេះនឹងទទួលបានប្លង់កម្មសិទ្ធិគ្រប់ៗគ្នា។ ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ ត្រូវសម្តែងនូវភាពស្មោះត្រង់ ក្នុងការកំណត់នូវព្រំប្រទល់ដីឲ្យបានច្បាស់លាស់ និងមិនត្រូវរំលោពបំពានរុករានដីព្រៃលិចទឹកបន្តទៀតនោះទេ។ ម្យ៉ាងវិញទៀត ត្រូវរួមគ្នាការពារបឹងទន្លេសាប ដែលជាធនធានធម្មជាតិ និងព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពង ជាពិសេសមិនត្រូវ នេសាទប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ ដែលនាំឱ្យវិនាសអន្តរាយដល់ពពួកមច្ឆាជាតិនោះទេ។

ទន្ទឹមនឹងនោះដែរ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់អំពីនីតិវិធីនៃការកាត់ឆ្វៀលដី និងធ្វើប្លង់កម្មសិទ្ធិ ដីលំនៅឋាន និងដីកសិកម្ម ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ដែលសម្តេចតេជោ បានបន្ថែមសិទ្ធិពេញលេញជូនបងប្អូន នូវការចាត់ចែង សិទ្ធិធ្វើអំណោយ លក់ ទិញ ឬដាក់បញ្ចាំ ជាដើម។ លោក​អភិបាលខេត្ត​ បន្ថែមទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែផ្សាភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ការរក្សាផលប្រយោជន៍ និងជីវភាពរស់នៅបងប្អូនដែលរស់នៅទីនេះ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយ៉ាលនេះ មានការសប្បាយចិត្ត អបអរសាទរ ក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ សូមគោរពជូនពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចតេជោ មានសុខភាពល្អ បន្តដឹកនាំប្រទេសជាតិបន្តទៀត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print