ភ្នំពេញ ៖ យ៉ាងហោចណាស់ផ្ទះឈើ១ខ្នងបានឆេះទាំងស្រុង និងបន្ទប់ជួលចំនួន០៩បន្ទប់ទៀតរងការខូចខាត ព្រមទាំងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសរលាកខ្លួនប្រាណ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យមួយបានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចជាប់ផ្លូវបេតុង ក្នុងភូមិឬស្សីសក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះគេលឺសម្លេងផ្ទុះអ្វីមួយនៅលើផ្ទះរងគ្រោះ មួយសន្ទុះក្រោយមកស្រាប់តែឃើញផ្សែងហុយចេញពីក្នុងផ្ទះ លាយឡំនិងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ និងដងទឹកជះពន្លត់ តែដោយស្ថានភាពភ្លើងឆេះខ្លាំងពេក ទើបទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញឲ្យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។
ក្រោយពីទទួលបានដំណឹងខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ព្រមទាំងសហការជាមួយក្រុមរថយន្តបង្ការ និងសង្គ្រោះអគ្គីភ័យមកពីអង្គរភាពផ្សេងមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើពេលវេលាបាញ់ទឹកជិត១ម៉ោង និងប្រើប្រាស់ឡានទឹកសរុប១៣គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ ។
ក្នុងករណីអគ្គីភ័យខាងលើនេះបានធ្វើឲ្យផ្ទះឈើប្រក់គ្បឿងចំនួន០១ខ្នងរងការខូចខាតទាំងស្រុង និងបន្ទប់ជួលចំនួន០៩បន្ទប់ទៀតបានរងការខូចខាត ព្រមទាំងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសរលាកដៃជើងបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីព្យាបាលផងដែរ ៕ ដោយ ៖ ភារ៉ា ដង្កោ
IMG_6211 IMG_6210 IMG_6209 IMG_6208 IMG_6207 IMG_6206 IMG_6205