ភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំ រួចបើករថយន្តយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់១កង់ ហើយអ្នកបើកបរបានចុះពីលើរថយន្តទាំងស្រវឹងជោកមកដេកដួលរមួលលើចិញ្ចើមផ្លូវលែងដឹងខុសត្រូវ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអង្គារទី៣១ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ត្រង់ចំណុចមុខធនាគារអេស៊ីលីដា ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តម៉ាក SUBARO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z- 2508 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់ចំនួន១កង់ រីឯរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណាំផងដែរ ។ ដោយឡែកម្ចាស់រថយន្តដោយសារឥទ្ធិពលគ្រឿងស្រវឹងខ្លាំងពេកពេលចុះពីលើរថយន្តបានមកដេកសន្លប់ស្តូកលើចិញ្ចើមផ្លូវលែងដឹងខ្លួន។ ដោយឃើញសភាពបែបនេះសមត្ថកិច្ចក៏បានទាក់ទងទៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះដើម្បីកុំឱ្យប៉ះពាល់ដល់អាយុជីវិត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កហេតុទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ