អាមេរិកយល់ព្រមផ្តល់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបដល់អ៊ុយក្រែន

ចែករំលែក៖

រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ជំនួយប្រព័ន្ធមីស៊ីលការពារដ៏ទំនើបដើម្បីជួយដល់កម្លាំងទាហានអ៊ុយក្រែនទប់ទល់ជាមួយកម្លាំងទាហានរុស្ស៊ី ក៏ដូចជាការបង្ខំឱ្យទីក្រុងមូស្គូត្រូវតែពិភាក្សាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។

សារព័ត៌មាន New York times នៅថ្ងៃទី៣១ខែឧសភាបានផ្សាយថា ប្រធានាធិបតីបៃឌិនបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារទៅឱ្យអ៊ុយក្រែនដើម្បីទប់ទល់ការវាយប្រហារពីរុស្ស៊ី។
នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក New York Timesបានសរសេរថា នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ចូ បៃឌិន បានបញ្ជាក់ដូច្នេះថា «យើងនឹងបញ្ជូនឱ្យអ៊ុយក្រែននូវប្រព័ន្ធមីស៊ីលទំនើបៗ និងគ្រាប់រំសេវបន្ថែម ដែលអាចជួយឱ្យពួកគេប្រយុទ្ធនៅលើសមរភូមិ និងមានជំហរកាន់តែរឹងមាំនៅឯតុចរចា»។
ដោយឡែក បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានបញ្ជាក់ថា អាវុធដែលនឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ HIMARS ដែល កងទ័ពអ៊ុយក្រែនបានស្នើសុំជារឿយៗ ដើម្បីអាចទប់ទល់នឹងការវាយប្រហារដោយមីស៊ីលពីសំណាក់កងទ័ពរុស្ស៉ី។ ប៉ុន្តែ នៅពេលត្រូវបានសួរថា តើការផ្ដល់អាវុធបែបនេះអាចនឹងអូសឱ្យសហរដ្ឋអាមេរិកមានជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ីដែរឬក៏យ៉ាងណា មន្ត្រីអាមេរិករូបនេះដដែលបានឱ្យដឹងថា ទីក្រុងកៀវបានសន្យាថាពួកគេនឹងមិនប្រើប្រព័ន្ធមីស៊ីលនេះវាយប្រហារចូលក្នុងទឹកដីរុស្ស៉ីនោះទេ ពោលគឺគ្រាន់តែប្រើដើម្បីបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែនប៉ុណ្ណោះ។
ការយល់ព្រមបញ្ជូនប្រព័ន្ធមីស៊ីលទំនើបខាងលើ ស្ថិតនៅក្រោមកញ្ចប់ជំនួយយោធាមានទំហំទឹកប្រាក់ ៧០០លានដុល្លាររបស់រដ្ឋបាលលោកបៃឌិន សម្រាប់អ៊ុយក្រែន ដែលអាចនឹងត្រូវប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ការប្ដូរចិត្តភ្លាមៗរបស់លោកបៃឌិន កើតមានឡើង នៅចំពេលមានសេចក្ដីរាយការណ៍ថា រុស្ស៉ីអាចនឹងវាយគ្រប់គ្រងទាំងស្រុងលើទីក្រុង ស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនឆាប់ៗនេះ៕ ដោយធីរីណា

...

រូប​ថត​ :​ Wikimedia

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print