ខេត្តត្បូងឃ្មុំ៖ ជាលទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ។ នេះជាថ្លែងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ខណៈអញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនយ៉ាងច្រើនកុះករជាង ២,០០០ នាក់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីននៃយន្តការយុវជនរបស់គណបក្សខេត្ត នាឱកាសនេះ គឺជាការបង្ហាញនូវកិត្យានុភាព ជំនឿជឿជាក់ និងកម្លាំងដ៏ស្វាហាប់របស់មហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។
លោក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារយុវជន និងសកម្មជនគណបក្សខេត្តត្បូងឃ្មុំ នៅក្នុងការបំពេញតួនាទី និងភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរទីមោទនៈ ជាអាទិ៍ ការពង្រឹងរចនាសម្ព័ន្ធ-អង្គការចាត់តាំង ស្របទៅនឹងសំណូមពរភារកិច្ចចំពោះមុខរបស់យុវជនគណបក្ស ក្នុងបរិបទបច្ចុប្បន្ននៃវឌ្ឍនភាពទៅមុខរបស់កម្ពុជាទាំងផ្នែកសង្គម និងនយោបាយ, ការងារកសាងកម្លាំងសមាជិកបក្ស ក្នុងនាមជាសេនាធិការឱ្យគណៈកម្មាធិការបក្សខេត្ត និងការចូលរួមបំពេញការងារមនុស្សធម៌ និងការចិញ្ចឹមចលនាសមាជិកនៅមូលដ្ឋាន ជាពិសេសការជំរុញឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានយ៉ាងលើសលប់ រហូតធ្វើឱ្យខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ ដែលនាំមកដល់ការបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។
លោកបណ្ឌិតបញ្ជាក់ថា ជាលទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាតត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់បន្ថែមថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ មន្ត្រីបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែងបានខិតខំប្រែងបម្រើប្រជាពលរដ្ឋទូទៅដោយស្មោះត្រង់ និងដោយគ្មានការរើសអើងបែងចែក ព្រមទាំងបានបើកទូលាយឱ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។ សមាសភាពជាសមាជិកបក្ស ជាអ្នកគាំទ្រ ឬជាប្រជាលពលរដ្ឋទូទៅ មិនមានអ្វីសំខាន់ឡើយ ពីព្រោះអ្វីសំខាន់ គឺការគាំទ្រ និងចូលរួមក្នុងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ គឺការបម្រើ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមធ្លុងមហាសាមគ្គីភាពជាតិ និងដំបូលនៃសុខសន្តិភាព។
សូមបងប្អូន សមាជិក សមាជិកា គណបក្ស និងបងប្អូនស្រឡាញ់សន្តិភាព និងការរីកចម្រើនទាំងអស់គ្នា គួរដឹងថាគណបក្សយើងឈ្នះឆ្នោត គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ! បោះឆ្នោះជូនគណបក្សយេីងគឺដេីម្បីខ្លួនយេីង! បោះឆ្នោតជូនគណបក្សយេីងគឺដេីម្បីការរីកចម្រេីនឃុំ សង្កាត់យេីងបន្ថែមទៀត! គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាគឺតែមួយ!
យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាព្រោះគណបក្សយើងបានកសាងប្រទេសជាតិអោយរីកចម្រើនពិតៗ ចំណែកជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសេីរឡេីងជាបន្តបន្ទាប់ នេះជាការពិតដែលយើងឃើញនឹងភ្នែកផ្ទាល់ទាំងអស់គ្នាហេីយ៕
ដោយ : សិលា