អតីតខ្សែប្រយុទ្ធក្រុម Paris Saint Germain និង Manchester United បាននិយាយកាលពីថ្ងៃចន្ទថា រូបគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះនៅប្រទេសកាតា។
កីឡាករ Angel Di Maria របស់អាហ្សង់ទីនបានប្រាប់អ្នកយកព័ត៌មានមុននឹងក្រុមជម្រើសជាតិអាហ្សង់ទីនថា “បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនេះ វាដល់ពេលហើយ មានក្មេងជាច្រើនដែលស្ថិតក្នុងកម្រិតអន្តរជាតិ ដែលកាន់តែមានភាពប្រសើរឡើង ហើយបន្តិចម្តងៗពួកគេនឹងបង្ហាញថាពួកគេស្ថិតក្នុងស្តង់ដារនេះ។ បន្ទាប់ពី (កាតា) ខ្ញុំពិតជានឹងបោះជំហានទៅម្ខាងទៀត” ។Di Maria វ័យ៣៤ឆ្នាំ លេងឱ្យជម្រើសជាតិបាន១២១ដង និងស៊ុតបាន២៤គ្រាប់។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីកាលពីខែកក្កដាឆ្នាំមុន ខណៈដែលអាហ្សង់ទីនបានយកឈ្នះប្រេស៊ីល 1-0 ដើម្បីឈ្នះពានរង្វាន់ Copa America និងលើកពានធំជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល២៨ឆ្នាំ។ខ្សែបម្រើប្រយុទ្ធរូបនេះក៏បានរកបាន១គ្រាប់ផងដែរក្នុងជំនួបជាមួយក្រុមអ៊ីតាលីកាលពីរាត្រីថ្ងៃពុធ ដើម្បីជួយឲ្យអាហ្សង់ទីនយកឈ្នះ៣ទល់០ក្នុងពានរង្វាន់ CONBEMOL-UEFA CHAMPIONS CUP ដែលជាពានរង្វាន់ធ្វើឡើងរវាងក្រុមជើងឯកទ្វីបអាមេរិកខាងត្បូង និងក្រុមជើងឯកយូរ៉ូនៅតំបន់អឺរ៉ុប។
Di Maria នឹងចាកចេញពី PSG នៅរដូវក្តៅនេះ ហើយគាត់មិនទាន់សម្រេចចិត្តថា គាត់នឹងលេងបាល់ទាត់ក្លិបរបស់គាត់នៅទីណានៅរដូវកាលក្រោយ ប៉ុន្តែគាត់បាននិយាយថាការបន្តនៅកម្រិតអន្តរជាតិនឹងមានភាពអាត្មានិយមបន្តិចបន្ទាប់ពីជាច្រើនឆ្នាំ ហើយបានសំរេចនូវអ្វីដែលខ្ញុំចង់សម្រេច ៕ (រូបភាព ៖ CNA/Reuters)