ភ្នំពេញ៖ ក្រុមហុកគីនារីកម្ពុជា បានចេញដំណើរទៅប្រកួតជម្រុះកីឡាអាស៊ី (Women’s Asian Games Qualifier 2022) នៅទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ ដែលការប្រកួតនេះគ្រោងនឹងធ្វើពីថ្ងៃទី៦-១៥ ខែមិថុនា ឆ្នាំ២០២២ ជាមួយនឹង៦ប្រទេសផ្សេងទៀត។ នេះបើយោងតាម ផេក Cambodia 2023 CAMSOC។
ផេក Cambodia 2023 CAMSOC បានបញ្ជាក់ថា, ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី២ ខែមិថុនានេះ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជាគូសបញ្ជាក់ថា នេះជាការប្រកួតជម្រុះកីឡាអាស៊ី លើវិញ្ញាសាហុកគីទីវាល ផ្នែកនារី ដោយមានក្រុមកម្ពុជា សិង្ហបុរី កាហ្សាក់ស្ថាន ហុងកុង ស្រីលង្កា អូបេគីស្ថាន និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ការប្រកួតជម្រុះនេះ នឹងទម្លាក់ចោល៣ក្រុម ហើយជ្រើសរើសយកក្រុមជ័យលាភីចំនួន៤ក្រុម ឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ Asian Games នៅទីក្រុង Hangzhou ប្រទេសចិន ដែលដើមឡើយ គ្រោងនឹងរៀបចំនាខែកក្កដា ឆ្នាំ២០២២ ត្រូវពន្យារពេលទៅវិញ។ កាលបរិច្ឆេទថ្មី នៃការប្រកួតជុំផ្តាច់ព្រ័ត្រនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយ។
លោកបន្ថែមថា ការប្រកួតជម្រុះនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការវាយតម្លៃចំណាត់ថ្នាក់របស់ប្រទេសនានា ប្រចាំទ្វីបអាស៊ី ក្នុងឆ្នាំ២០២២ផង និងជាការស្វែងរកបេក្ខភាពឡើងទៅប្រកួតកីឡាអាស៊ីផងដែរ។ ម្យ៉ាងទៀត ការចូលរួមនេះ ក៏ជាកាតព្វកិច្ចរបស់កម្ពុជាផងដែរ ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាហុកគីអាស៊ី ខណៈប្រយោជន៍ដ៏ធំមួយទៀត គឺជាការវាស់ស្ទង់កម្រិតសមត្ថភាព សិទ្ធផលរបស់ក្រុមកីឡាហុកគីនារីកម្ពុជា ក្រោយពីបានប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (ក្រុមកីឡាការិនី១១នាក់ គ្រូធំម្នាក់ និងគ្រូជំនួយម្នាក់)។ ជាមួយគ្នានោះ ក្នុងនាមសហព័ន្ធកីឡាហុកគីកម្ពុជា លោក កាំង សុធា ក៏ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការផ្តល់ការគាំទ្រ ទំនុកបម្រុងរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើថ្លៃសំបុត្រយន្តហោះ ការហូបចុក ស្នាក់នៅ អំឡុងពេលប្រកួតជម្រុះកីឡាអាស៊ីដ៏មានសារសំខាន់នេះ។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ការចូលរួមប្រកួតនេះ ក៏ជាការបង្កើនគុណភាពបច្ចេកទេសរបស់ក្រុមកីឡាហុកគីនារីកម្ពុជាផងដែរ ក្នុងការត្រៀមលក្ខណៈទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នៅចុងឆ្នាំ២០២២នេះ សហព័ន្ធកីឡាហុកគីកម្ពុជា នឹងស្វះស្វែងរកឱកាសចេញទៅហ្វឹកហាត់ និងប្រកួត នៅក្រៅប្រទេសដែរជាមួយដៃគូអន្តរជាតិ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។
អ្វីដែលជាក្ដីសង្ឃឹមសម្រាប់ហុកគីកម្ពុជា លោក កាំង សុធា បានបញ្ជាក់ថា ក្នុងវគ្គជម្រុះកីឡាអាស៊ី នេះ គឺក្រុមនារីកម្ពុជានឹងទទួលបានលទ្ធផលល្អ ប្រសើរជាងការចូលរួមប្រកួតអន្តរជាតិនានា នា ពេលកន្លងមក។ គួរបញ្ជាក់ថា ក្រុមនារីហុកគី កម្ពុជា រួមទាំងប្រតិភូ គ្រូបង្វឹក មានចំនួនសរុប ២១នាក់៕
ដោយ : សហការី