សម្រែកជ័យឃោស “ជយោ គណបក្សប្រជាជនកម្ពុជា” បានលាន់ឮកងរំពង លាយឡំនឹងសំឡេងខ្ញៀវខ្ញា ក្អាកក្អាយចេញពីក្រអៅបេះដូង ប្រកបដោយទឹកចិត្តសប្បាយរីករាយជាអនេក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្រែកជ័យឃោស “ជយោ គណបក្សប្រជាជនកម្ពុជា” បានលាន់ឮកងរំពង លាយឡំនឹងសំឡេងខ្ញៀវខ្ញា ក្អាកក្អាយចេញពីក្រអៅបេះដូង ប្រកបដោយទឹកចិត្តសប្បាយរីករាយជាអនេក និងក្តីសង្ឃឹមយ៉ាងមុតមាំរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងក្មេង ចាស់ ប្រុស ស្រី ដែលបានអញ្ជើញមកពីឃុំទាំង៧ ក្នុងស្រុកតំបែរ យ៉ាងច្រើនកុះករដើម្បីចូលរួមហែរក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រារព្វនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ 

ក្នុងពិធីដ៏មហោឡារិក អធិអធមជាប្រវត្តិសាស្រ្តនេះ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីលោក វេង  សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកស្រី ម៉ក់ ស៊ីថា ព្រមជាមួយលោកជាអនុប្រធានក្រុម ការងារថ្នាក់ជាតិចុះស្រុកតំបែរ លោក លោកស្រីប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំទាំង ៧ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អាជ្ញាធរស្រុក ឃុំ និងបងប្អូនជាសមាជិកបក្សសរុបចំនួន ២ ១០០នាក់។ 

ក្នុងពិធីជួបជុំសមាជិក សមាជិកានៃមហាគ្រួសារបក្សទូទាំងស្រុកតំបែរ លោកប្រធានក្រុមការ ងារបានមានមតិទៅកាន់អង្គពិធីប្រកបដោយខ្លឹមសារស៊ីជម្រៅអំពីសមិទ្ធផលដ៏ធំធេងរបស់គណបក្ស ភាពខ្លាំងរបស់គណបក្ស និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ត្រើយសុភមង្គល សេចក្តីសុខ សេចក្តីចម្រើន សេចក្តីថ្លៃថ្នូរ កិត្តិយសដ៏ឧត្តុង្គឧត្តម វិបុលភាព និងការអភិវឌ្ឍ និងជាពិសេសផែនការឆ្ពោះទៅកាន់ភាពជោគ ជ័យនៃការបោះឆ្នោះឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតសកលនាឆ្នាំ២០២៣។ មតិផ្តាំផ្ញើចុងក្រោយសំខាន់ៗរបស់ឯកឧត្តមប្រធានក្នុងពិធីបិទយុទ្ធនាការនេះគឺ ៖ 

១- ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត ព្រមជាមួយគោលការណ៍ណែនាំសំខាន់ៗមួយ ចំនួនទៀតរបស់ គ. ជ. ប ។  

២- មិនត្រូវពិសារគ្រឿងស្រវឹងនៅថ្ងៃទី៤ និងទី៥ ជាដាច់ខាត។ 

៣- ត្រូវត្រៀមឯកសារទាក់ទងការបោះឆ្នោតឲ្យបានគ្រប់គ្រាន់មុនទៅបោះឆ្នោត។

៤- ត្រូវរក្សាសណ្តាប់ធ្នាប់សាធារណ: ធ្វើចរាចរឲ្យបានល្អ រក្សាភាពថ្លៃថ្នូរ មានវិន័យ និងសីលធម៌ ក្នងអំឡុងពេលដង្ហែរក្បួន និងបោះឆ្នោត។ 

៥- ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ 

ចុងបញ្ចប់ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តម លោកជំទាវប្រធាន អនុប្រធាន សមាជិក សមាជិកាគណបក្សទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ក្នុងការចូលរួមយុទ្ធនាការឃោសនាកន្លងមកទទួលបានជោគជ័យ និងថ្លែងអំណរគុណជូនដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់បង្កលក្ខណងាយស្រួលដល់យុទ្ធនាការនេះ។ ជាថ្មីម្តងទៀត លោកបានលើកទឹកចិត្ត និងជូនពរឲ្យសមាជិកបក្សគ្រប់ៗរូបទទួលបានសុខសុវត្ថិភាព និងដណ្តើមបានជ័យជំនះមកជូនគណបក្សយើង។ 

ក្បួនដង្ហែរបានចាប់ផ្តើមចេញដំណើរទៅតាមគោលដៅរៀងៗខ្លួន ប្រកបដោយសណ្តាប់ធ្នាប់ របៀបរាបរយ និងសេចក្តីថ្លៃថ្នូរ ដោយមានរថយន្តតូច ធំគ្រប់ប្រភេទជិះពេញដោយសមាជិកបក្ស និងមានការតាក់តែងលម្អដោយមានចងបដា ទង់ជាតិ ទង់បក្ស និងស្លាកសញ្ញាគណបក្សដែលមាន រូបទេវតាបាចផ្កា និងរូបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្បួនរថយន្តដង្ហែរបានលូនសន្សឹមៗចេញពីស្នាក់ការគណ បក្ស ឆ្ពោះទៅកាន់ឃុំគោលដៅទាំង ៧ អមដោយសម្រែកជ័យឃោសយ៉ាងកងរំពង លាយឡំដោយសំណើច និងស្នាមញញឹម ច្រៀងសប្បាយនូវបទភ្លេង ចម្រៀងពិរោះរណ្តំក្រសោបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុតអំពីកិត្យានុភាពលើឆាកអន្តរជាតិរបស់សម្តេចតេជោ ភាពសម្បូរសប្បាយ រុងរឿងរបស់ប្រទេសជាតិ សុខសន្តិភាព និងភាពជោគជ័យរបស់គណបក្ស ប្រជាជនកម្ពុជា នារយ:ពេលកន្លងមកក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ និងសម្លេងឃោសនស័ព្ទចាក់ផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ៕

                               

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print