ព្រះមហាក្សត្រអំពាវនាវដល់ជនរួមជាតិទៅ បោះឆ្នោតឱ្យបានគ្រប់គ្នាៗ គឺជាការបោះឆ្នោតជាទូទៅ សកល សម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស

ចែករំលែក៖

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបអញ្ជើញចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នា២០២២ខាងមុខ។

ក្នុងព្រះរាជសារលិខិតឡាយព្រះហស្ថលេខាចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២កន្លងទៅ សម្ដេចព្រះបរមនាថ នរោតត្តម សីហមុនី មានរាជអង្កាថាការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជាទូទៅ សកល សម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឱ្យពលរដ្ឋមានការបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ព្រះអង្គមានរាជអង្កាថា៖ «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ»។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់។

សូមបញ្ជាក់ថា, ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ គឺយុទ្ធនាការបិទឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយថ្ងៃស្អែកសម្រាក ស្ងាត់ស្ងៀម ហាមឃាត់ការបើកលក់គ្រឿងស្រវឹង , ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមបោះឆ្នោត ពី៧ព្រឹកដល់ម៉ោង ៣រសៀល ៕

  

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print