ខេត្តកំពង់ចាម៖ ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត មុឹង មករា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកា បានចូលរួមក្នុងពិធីដង្ហែបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណ្ណត្តិទី៥ ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត បានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ សូមឱ្យប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាល ពិសេសបន្តគាំទ្រគណបក្សប្រជាជនដែលបានប្រឹងប្រែងកសាង នឹងរក្សាសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍលើកកំពស់គុណភាពជីវិត និងការស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍពិតប្រាកដជូនប្រជាជនកម្ពុជា។
គណបក្សប្រជាជនបង្កើតឡើងដោយប្រជាជន បម្រើប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ក្នុងស្មារតីជាមហាគ្រួសារខ្មែរដ៏ធំ ពិសេសគណបក្សប្រជាជន គឺស្មោះត្រង់នឹងរួមចំណែកជាមួយពលរដ្ឋខ្លួនក្នុងគ្រប់កាលៈទេសៈទាំងអស់ តាំងពីអតីតកាល បច្ចុប្បន្ន និងទៅថ្ងៃអនាគតជានិរន្តរ៍។
នាថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញទៅពិនិត្យមើលសមិទ្ធផលអាងទឹកអូរតាកេរ្តិ៍ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់ ឯ.ឧ បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលសមិទ្ធផលនេះនឹងរួមចំណែកក្នុងការបង្កើតនូវសហគមន៍កសិករគំរូ ទីផ្សារកសិផល និងជាកន្លែងផ្ទេរនូវបច្ចេកវិជ្ជា បច្ចេកទេសកសិកម្ម និងគាំទ្រដល់ប្រជាកសិករក្នុងការលើកកំពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនលើវិស័យកសិកម្មរួមមានសួនដំណាំបន្លែសុវត្ថិភាព វារីវប្បកម្ម និងដំណាំស្រូវ ដើម្បីបង្ហាត់បង្ហាញជូនប្រជាពលរដ្ឋនៅមូលដ្ឋានតែម្តង។ សមិទ្ធផល និងស្នាដៃជាក់ស្តែងជាច្រើនដែលកើតឡើងក្រោមការដឹកនាំផ្ទាល់របស់ គណបក្សប្រជាជនកម្ពុជា គឺដើម្បីនាំ នាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយសន្តិភាពនឹងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។
ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ ។
សរុបអ្នកចូលរួមនៅថ្ងៃនេះមានប្រជាពលរដ្ឋប្រមាណ ៣០០០ ជាងអ្នកចូលរួម នឹងនិងយានជំនិះសរុបប្រមាណជាជាង ២០០គ្រឿង។ ដោយ រ៉ារ៉ា