ក្លិបបាល់ទាត់អេស្ប៉ាញ Valencia បានបណ្តេញប្រធានក្លិប លោកAnil Murthy បន្ទាប់ពីមានការលេចធ្លាយខ្សែអាត់សំឡេងរបស់គាត់ដែលនិយាយអំពីក្រុមអង់គ្លេស Liverpool និង Newcastle ដែលជាការគំរាមកំហែងដល់កីឡាករ Valencia។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ក្លិប Valencia បានឲ្យដឹងថាលោក Murthy នឹងឈប់ធ្វើជាប្រធាន និងបុគ្គលិករបស់ក្លិបភ្លាមៗដោយក្លិបបាល់ទាត់នេះជាកម្មសិទ្ធិរបស់មហាសេដ្ឋីសិង្ហបុរី Peter Lim ដែលបានទិញវាកាលពីឆ្នាំ២០១៤។ លោក Murthy ដែលជាអតីតអ្នកការទូតសិង្ហបុរីត្រូវបានតែងតាំងជាប្រធានក្លិបកាលពីឆ្នាំ២០១៧ ដោយចូលកាន់តំណែងជំនួសលោក Chan Lay Hoon ។ក្រុមប្រឹក្សាភិបាលរបស់ក្លិប Valencia បាននិយាយថា “ខ្លឹមសារនៃការសន្ទនាដែលលេចធ្លាយគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោក Murthy មិនមែនអំពីក្លិបនោះទេ។ Valencia ផ្តាច់ខ្លួនចេញពីទស្សនៈរបស់គាត់។ ក្រុមប្រឹក្សាក៏បាននិយាយផងដែរថា វា ផ្តល់តម្លៃដល់សារៈសំខាន់នៃទំនាក់ទំនងជិតស្និទ្ធរវាងក្លិប សហគមន៍ អ្នកគាំទ្រ អាជ្ញាធររដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្រុមប្រឹក្សាភិបាលមានទស្សនៈថា ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំគឺត្រូវបានទាមទារដើម្បីទទួលបានការជឿទុកចិត្តពីអ្នកគាំទ្រ និងសហគមន៍ឡើងវិញ ហើយដាក់ក្លិបឱ្យស្ថិតក្នុងទីតាំងមួយសម្រាប់ភាពជោគជ័យ”។លោក Sean Bai ត្រូវបានតែងតាំងជាអគ្គនាយកស្តីទីបណ្តោះអាសន្ន។ លោក Bai ដែលជាជនជាតិសិង្ហបុរីផងដែរនោះបាននៅជាមួយក្លិបតាំងពីឆ្នាំ២០១៨ ហើយបច្ចុប្បន្នជានាយកសាលាយុវជនរបស់ក្លិប Valencia ។ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា “ក្នុងអំឡុងពេលបណ្តោះអាសន្ននេះ គាត់នឹងត្រួតពិនិត្យជាចម្បងលើប្រតិបត្តិការបាល់ទាត់របស់ក្លិប ហើយរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាបានចាប់ផ្តើមស្វែងរកប្រធានក្លិបថ្មី ហើយនឹងធ្វើការប្រកាសនៅពេលកំណត់”។ ទន្ទឹមនឹងនេះលោក Khojama Kalimuddin ដែលជានាយកមិនមែនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនឹងឈរឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលដើម្បីត្រួតពិនិត្យការគ្រប់គ្រងរបស់ក្លិបក្នុងអំឡុងពេលនេះ។ក្រុមប្រឹក្សាភិបាលចង់រំលឹកឡើងវិញថា “Valencia មានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការសម្រេចបាននូវកំណើន និងភាពជោគជ័យរយៈពេលវែង និងដើម្បីបញ្ចប់ការសាងសង់កីឡដ្ឋាន Mestalla ថ្មី។ យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នកគាំទ្រ អាជ្ញាធរ និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ”។ សូមបញ្ជាក់ថា សំឡេងខ្សែអាត់នៃការសន្ទនាដែលលេចធ្លាយបានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា នៅពេលដែលកាសែតអេស្ប៉ាញSuperdeporte បានបោះពុម្ពការថតសំឡេងពីអាហារពេលល្ងាចឯកជនមួយដែលបានចូលរួមដោយលោក Murthy កាលពីខែមេសា។ យោងតាម Football Espana លោក Murthy បាននិយាយអំពីក្រុម Liverpool និង Newcastle ក្នុងលក្ខណៈប្រមាថមើលងាយហើយគាត់ក៏បានគំរាមធ្វើបាបកីឡាករ Valencia នៅក្នុងប្រព័ន្ធផ្សព្វផ្សាយផងដែរ ប្រសិនបើពួកគេបង្ខំឱ្យចាកចេញ។
គួររំលឹកថា Valencia បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga ក្នុងរដូវកាលនេះ ដោយខកខានមិនបានចូលប្រកួតប្រជែងក្នុងពានរង្វាន់ទ្វីបអឺរ៉ុបណាមួយសម្រាប់៣រដូវកាលជាប់ៗគ្នា៕ (រូបភាព ៖ AFP/CNA)