សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI)

ចែករំលែក៖

ភ្នំពេញ : នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ដឹកនាំដោយលោក Andres Pastrana ។

ក្នុងជំនួបនេះ លោក Andres Pastrana និងក្រុមប្រតិភូសូមគោរពសំដែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបាត់បង់បងប្រុសជាទីស្រលាញ់ គឺសម្ដេចទេពញ្ញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅកម្ពុជានាពេលនេះ។ លោកបានបន្ថែមថា នេះជាលើកទី៣ ហើយ ដែលឯកឧត្តមបានមកសង្កេតការណ៍បោះឆ្នោតនៅប្រទេសកម្ពុជា ដែលលើកទី១ គឺនៅក្នុងឆ្នាំ ២០១៧ លើកទី២ ឆ្នាំ២០១៨ និងលើកទី៣ គឺនៅឆ្នាំ២០២២នេះ។ឯកឧត្តមបានជូនពរអោយដំណើរការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃស្អែកនេះ បានដំណើរការដោយរលូន និងប្រកបដោយភាពជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម Andres Pastrana និងគណៈប្រតិភូទាំងអស់របស់ CDI ចំពោះការចូលរួមរំលែកទុក្ខដល់សម្ដេច ដែលបានបាត់បង់បងប្រុសរបស់សម្ដេចកាលពីពេលថ្មីៗនេះ។ សម្តេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានប្រតិភូ ដែលបានសម្ដែងនូវការអបអរសាទរចំពោះការចាត់វិធានការរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានយកជោគជ័យរបស់ប្រទេសកម្ពុជាស្របតាមយុទ្ធសាស្ត្រផ្ការីកដែលសម្ដេចបានដាក់ចេញ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា តាមរយៈ វិធានធានការប្រយុទ្ធប្រឆាំងកូវីដ-១៩បានជោគជ័យនេះហើយ ទើបធ្វើអោយកម្ពុជាអាចរៀបចំដំណើរការបោះឆ្នោត ឃុំ សង្កាត់ បាននាពេលនេះ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថារហូតមកដល់ថ្ងៃនេះ រយៈពេលជាង ២០ថ្ងៃហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ឆ្លងថ្មីនោះទេ។ ជាទីបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក Andres Pastrana
ដែលបានដឹកនាំប្រតិភូ CDI មកសង្កេតការណ៍បោះឆ្នោតនៅថ្ងៃស្អែកនេះ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print