នៅថ្ងៃទី៤ ខែមិថុនា កម្លាំងទាហានអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះដ៏ទំនើប ។ សមយុទ្ធខាងលើកើតឡើងក្នុងពេលដែល កូរ៉េខាងជើងត្រៀមសាកល្បងគ្រាប់បែកបរមាណូជាថ្មី។
នេះជាសមយុទ្ធយោធារួមជាលើកដំបូង ដែលមានការចូលរួមរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ នៅចំពោះមុខរបាយការណ៍ដែលឱ្យតំរុយថា កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈ សម្រាប់ការធ្វើតេស្តអាវុធបរមាណូ
សមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូងនោះមានរយៈពេល៣ថ្ងៃ គឺបន្តដល់ត្រឹមថ្ងៃសៅរ៍នេះ ហើយប្រព្រឹត្តទៅនៅលើដែនទឹកអន្តរជាតិ ក្បែរកោះអូគីណាវ៉ារបស់ប្រទេសជប៉ុន។ វារួមមាននូវលំហាត់ប្រតិបត្តិការស្តីពីការការពារដែនអាកាស, ការប្រឆាំងនាវាចម្បាំង, ការប្រឆាំងនាវាមុជទឹក និងការស្ទាក់សកម្មភាពសត្រូវនៅលើដែនសមុទ្រជាដើម។ ទន្ទឹមគ្នានេះកំពុងមានសញ្ញាថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមលក្ខណៈដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។
នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះ រ៉ូណាល់ រីហ្កេន (Ronald Reagan) បានចូលរួមក្នុងសមយុទ្ធខាងលើ រួមជាមួយនាវាចម្បាំងមួយចំនួនទៀត។ រីឯភាគីកូរ៉េខាងត្បូងក៏បានបញ្ជូននាវាយោធារបស់ខ្លួនឱ្យចូលរួមផងដែរ។
វាគឺជាសមយុទ្ធយោធារួមគ្នាលើកទីមួយរវាងសម្ព័ន្ធមិត្តទាំងពីរ គិតចាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូ Yoon Suk-yeol បានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីខែឧសភា ហើយក៏ជាសមយុទ្ធយោធាទ្វេភាគីលើកដំបូងផងដែរ ដែលមានវត្តមាននាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក គិតតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មក៕ ដោយធីរីណា
រូបថត : TTXVN