ដោយមានករណីឆ្លងកូវីដ-១៩ ថយចុះខ្លាំង មន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំង នឹងសម្រេចលុបចោលរាល់ការរឹតត្បិតទប់ស្កាត់ការឆ្លង រាលដាលកូវីដ-១៩ និងបើកទ្វារសាលារៀនឡើងវិញ។
កាលពីថ្ងៃទី៥ ខែមិថុនា ទីក្រុងប៉េកាំងបានប្រកាសលុបចោលការរឹតត្បិតក្រោយការបិទខ្ទប់ជាង១ខែកន្លងមក។ ពលរដ្ឋ២២លាននាក់ នៅក្នុងទីក្រុងនឹងមានសេរីភាពឡើងវិញ។ នៅទីក្រុងប៉េកាំងមានករណីឆ្លង១៩០០នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងគោលនយោបាយ គ្មានកូវីដ-១៩ ។
ដើម្បីទប់ស្កាត់ការឆ្លង គឺបណ្តាសាលារៀន ទីតាំងពាណិជ្ជកម្មនានាត្រូវបានបិទទ្វារតាំងពីដើមខែឧសភា ។ ពលរដ្ឋត្រូវបានត្រួតពិនិត្យសុខាភិបាល ជាប្រចាំនៅតាមផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាលដាល ។ តាមគម្រោងសាលារៀនទាំងអស់នឹងត្រូវបើកទ្វារឡើងវិញនៅថ្ងៃទី១៣ខែមិថុនា។
ចិនបានរក្សាយុទ្ធសាស្ត្រ “zero COVID” ដោយបានធ្វើចត្តាឡីស័ក និងធ្វើតេស្តទ្រង់ទ្រាយធំទៅលើពលរដ្ឋ ។ យុទ្ធសាស្ត្រនេះបានជួយទប់ស្កាត់ការស្លាប់របស់ពលរដ្ឋ ដោយកូវីដ-១៩ បានយ៉ាងច្រើន៕ ដោយធីរីណា
រូបថត : Reuters