តាមតួលេខពីរដ្ឋាភិបាលអាមេរិក គិតចាប់តាំងពីដើមឆ្នាំ២០២២មកទល់ពេលនេះ អំពើហិង្សាពាក់ព័ន្ធកាំភ្លើងបានសម្លាប់មនុស្សដល់ទៅជាង១៨ពាន់នាក់នៅក្នុងទឹកដីអាមេរិក ។ ក្នុងចំណោមនោះមាន១០៣០០នាក់ស្លាប់ដោយការធ្វើអត្តឃាតពាក់ព័ន្ធនឹងកាំភ្លើង។
កាលពីថ្ងៃទី៦ខែមិថុនា (ពេលវេលាអាមេរិក) សមាជិកព្រឹទ្ធសភាលោក John Corney មកពីគណបក្សសាធារណរដ្ឋបានអំពាវនាវដល់ ក្រុមដែលមានសំឡេងភាគច្រើន នៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាពិភាក្សាលម្អិតស្តីពីច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង។
ដោយសារតែមានករណីបាញ់ប្រហារជាបន្តបន្ទាប់រយៈពេលកន្លងមករដ្ឋមួយចំនួននៅអាមេរិក បានសម្រេចចេញច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើងដោយខ្លួនឯង។ ពេលថ្មីៗនេះអភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul ពីថ្ងៃ៦ខែមិថុនា បានប្រកាសបង្កើនអាយុសម្រាប់ការទិញកាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ (semi-automatic) ដោយស្របច្បាប់ពី១៨ឆ្នាំទៅ២១ឆ្នាំ ខណៈដែលលោកស្រីបានសម្រេចរឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង បន្ទាប់ពីការសម្លាប់រង្គាលក្នុងករណីបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុងបាហ្វេឡូ (Buffalo)។
លោកស្រី Hochul បានអនុម័តកញ្ចប់ច្បាប់កំណែទម្រង់សិទ្ធិកាន់កាប់កាំភ្លើងដែលត្រូវបានអនុម័តដោយព្រឹទ្ធសភារដ្ឋ New York បន្ទាប់ពីមានការបាញ់ប្រហារដោយជនជាតិស្បែកសវ័យ១៨ឆ្នាំម្នាក់កាលពីខែមុន ដែលបានសម្លាប់ជនជាតិស្បែកខ្មៅចំនួន១០នាក់។ វិធានការនេះបានកើតឡើងចំពេលមានករណីបាញ់សម្លាប់រង្គាលជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក ដែលបានបង្កឱ្យមានការអំពាវនាវជាថ្មី ដើម្បីធ្វើកំណែទម្រង់ច្បាប់កាន់កាប់កាំភ្លើងឱ្យប្រសើរជាងមុន។
ជនស្បែកសវ័យ១៨ឆ្នាំម្នាក់នោះត្រូវបានបង្ហាញអត្តសញ្ញាណថាមានឈ្មោះ ភេថុន ហ្កិនដ្រុន (Payton Gendron) ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ ដោយបានបាញ់ប្រហារអ្នកទិញទំនិញនៅផ្សារទំនើបឈ្មោះ ថប់ (Tops) ដោយប្រើកាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ដែលជននោះបានទិញដោយស្របច្បាប់៕ ដោយធីរីណា
រូបថត : AFP/TTXVN