ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះចាប់យកទូហ្គេមប្រភេទបៀចំនួន១៣ទូ និងឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ក្នុងនោះមានមេការម្នាក់។
ក្នុងការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១១B ក្រុម១៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងបានឲ្យដឹងថា ទីតាំងនេះកន្លងមកលោកធ្លាប់បានធ្វើការបង្ក្រាបម្តងរួចហើយៗថែមទាំងធ្វើកិច្ចសន្យាទៀតផង ប៉ុន្តែម្ចាស់ផ្ទះនេះនៅតែលួចលាក់ដាក់ល្បែងហ្គេមជាប្រភេទបៀដដែលទើបលោកសុំគោលការពីលោក បុឹល កុសល អភិបាលខណ្ឌសែនសុខដើម្បីបង្កើតជាគណៈបញ្ជាការឯកភាពចុះធ្វើការបង្ក្រាប។ ក្នុងនោះកម្លាំងគណៈបញ្ជាការបានចាប់យកទូហ្គេមប្រភេទបៀចំនួន១៣ទូ និងឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ដែលម្នាក់ជាមេការ។
បច្ចុប្បន្នមនុស្សប្រុសស្រីខាងលើត្រូវបានបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា ចំណែកទូហ្គេមខាងលើត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីធ្វើការវាយកម្ទេចចោលនៅពេលក្រោយ៕
ដោយ៖ តុង សីហា