ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្មេងៗ ដោយមានអ្នកខ្លះប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ច ខណៈដែលពួកគេប្រទះឃើញបុរសស្រវឹងខួបម្នាក់ដេកស្លាប់សង្ស័យថាកើតជំងឺខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះទូ លីណា អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ។
ក្រោយពីមានសេចក្ដីរាយការណ៍មកសមត្ថកិច្ច នគរបាលក្រុងបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបចុះមកពិនិត្យសព ហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរប្រាកដមែន មិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មអ្វីនោះឡើយ។
តាមអ្នកភូមិបានឱ្យដឹងថា អ្នកស្លាប់គឺជាមនុស្សស្រវឹងខួបផឹកស្រាជាប្រចាំមិនមានលស់ថ្ងៃឡើយ ដោយនៅព្រឹកកើតហេតុអ្នកភូមិក៏ដូចជាក្មេងៗចេញនិងដើរមកផ្ទះក៏មានការភ្ញាក់ផ្អើលព្រោះឃើញជនរងគ្រោះស្លាប់ ហើយក៏រាយការណ៍មកសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យបងប្អូនយកទៅបូជានៅវត្តព្រៃឆ្លាក់ ក្នុងក្រុងស្វាយរៀងតាមប្រពៃណី៕
ដោយ៖ សុថាន