ខេត្តព្រះសីហនុ : ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ «កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក (កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ)»។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា នៅក្នុងប្រទេសកម្ពុជា មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់នឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយដល់ប្រទេសនៅក្នុងតំបន់ទេ។
សូមបញ្ជាក់ថា, ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួន និងបច្ចិមប្រទេសជាពិសេស សហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម។
ក្នុងពិធីដដែលនេះ សម្តេចពិជ័យសេនា បានបដិសេធជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីតាមសំណើអង្គការសហប្រជាជាតិនោះឡើយ។
ដោយឡែកបើតាម លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, កិច្ចសហប្រតិបត្តិការយោធាចិន និងកម្ពុជា ជាសរសទ្រូងដ៏រឹងមាំនចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ សមស្របទៅនឹងផលប្រយោជន៍មូលដ្ឋាននៃប្រទេស និងប្រជាជនប្រទេសទាំងពីរ។
លោកថា, គំរោងទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយប្រទេសចិន ជាសមិទ្ធផលឈរលើមូលដ្ឋានគោរពគា្នទៅវិញទៅមកនិងពិភាក្សាស្មើមុខស្មើមាត់រវាងចិន និងកម្ពុជា សមស្របនឹងច្បាប់ផ្ទៃក្នុងប្រទេសទាំងពីរ ច្បាប់អន្តរជាតិពាក់ព័ន្ធ និងក្រមប្រតិបត្តិអន្តរជាតិ។
សូមបញ្ជាក់ថា, ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ បានចែងច្បាស់ថា៖
-ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
– ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃ ប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់ បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
– ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
-ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្រប-ខ័ ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
-ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានា សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
លោកបានបញ្ជាក់ថា «ប្រទេសខ្លះឃោសនាបំបាំង និងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគា្នប្រក្រតីរវាងចិននិងកម្ពុជា យកលេសសិទ្ធិប្រជាធិបតេយ្យដាក់ទណ្ឌកម្មឯកតភាគីស្រេចតែអំពើចិត្ត ប្រើអំណាចយុត្តាធិការហួសព្រំដែនយ៉ាងគឃ្លីន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងកំរោល .. យើងខ្ញុំប្រឆាំងជាដាច់ខាត់ចំពោះអំពើទាំងអស់នេះ»។
ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសថា «ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មលើកកម្រិតនៅមូលដ្ឋានរាមប៉ុណ្ណោះទេ កម្ពុជានឹងបន្តធ្វើឱ្យកងយោធពលខេមរភូមិន្ទ កាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យដូចជា៖ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាពជាដើម»។
ដោយឡែក លោក ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា, ឆ្លើយតបចំពោះការសាកសួររបស់លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹក រាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋាន ទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញ របស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជា ឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹង សមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បី កាយវិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យអនុព័ន្ធយោធាបរទេសនៅភ្នំពេញទស្សនា ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពី ទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកាយវិការនេះ មិនធ្លាប់ត្រូវបានអនុវត្តពីមុនមកដោយ ប្រទេសណាមួយឡើយ ក្នុងការអនុញ្ញាតឱ្យបរទេសចូលទស្សនាមូលដ្ឋានកងទ័ពរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន បានឆ្លៀតឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពី ពេលថ្មីៗនេះ ដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ នានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅលើទឹក ដីកម្ពុជាជាកាឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ៕
ដោយ : សិលា