ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់២គ្មាននេះខេត្តមួយចំនួនមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ រន្ទះ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ដើមឈើ សាលារៀន និងពលរដ្ឋខ្លះរងគ្រោះដល់ជីវិត។
ក្នុងករណីខាងលើនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងក្នុងហ្វេសប៊ុកសម្តេចមុននេះបន្ដិចថាៈ ខ្ញុំសូមចូលរួមសោកស្តាយជាមួយបងប្អូនរងគ្រោះដោយសារភ្លៀងនិងខ្យល់កន្រ្តាក់កាលពីពេលថ្មីៗនេះដែលបណ្តាលអោយដួលរលំខូចខាតផ្ទះសម្បែងជាច្រើនខ្នង ហើយមានពលរដ្ឋមួយចំនួនទៀតរងគ្រោះថ្នាក់ដល់ជីវិតដោយសាររន្ទះ។ ឥទ្ឋិពលខ្យល់ព្យុះនិងខ្យល់កន្រ្តាក់បានធ្វើអោយសាលារៀនមួយចំនួនខូចខាតជាច្រើនខ្នងទៀតផង។ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ជាពិសេសនៅពេលភ្លៀងចាប់ផ្តើមធ្លាក់លាយឡំដោយខ្យល់ព្យុះ និងខ្យល់កន្រ្តាក់។ បងប្អូនត្រូវតាមដានព័ត៌មានជាប្រចាំ ព្រោះបញ្ហាប្រឈមគឺស្ថិតនៅក្នុងកម្រិតខ្ពស់នៅឡើយ។
ទន្ទឹមនឹងនេះ សូមអាជ្ញារធរមានសមត្ថកិច្ច និងកាកបាទក្រហមយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការទឹកទទួលទាន រួមទាំងការជីកនិងស្តារអណ្តូងទឹក ស្រះ ប្រឡាយ និងសង់ជម្រកស្នាក់នៅជូនប្រជាពលរដ្ឋអោយបានទាន់ពេល។
បងប្អូនដែលប្រើប្រាស់បណ្តាញសង្គម Facebook ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋអោយបានដឹងគ្រប់ៗគ្នា។ បើត្រូវការជំនួយសង្រោ្គះបន្ទាន់ណាមួយ សូមទាក់ទងកាកបាទក្រហមកម្ពុជាប្រចាំខេត្តនីមួយៗក្នុងពេលឥឡូវនេះ។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណ និងជូនពរបងប្អូនជនរួមជាតិ និងសប្បុរជនទាំងអស់ជួបតែសំណាងល្អ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុខ ខេមរា