ភ្នំពេញ : នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សន្តិបណ្តិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការក្រសួងមហាផ្ទៃ ស្តីពីការរៀបចំ បង្កើត និងដំឡើងម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា, ការសិក្សា បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម រាជរដ្ឋាភិបាល មានទិសដៅសម្រួលដល់ផលប្រយោជន៍នៃប្រទេសទាំងពីរលើវិស័យទេសចរណ៍លំហូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សមាជិកក្រុមការងារ ដែលជាអភិបាលនៃគណៈអភិបាលខេត្ត ជាប់ព្រំដែនប្រទេសវៀតណាម បានលើកឡើងពីចំណុចវិជ្ជមាន និងផលលំបាកក្នុងការដោះដូរលក់ផលិតផលកសិកម្ម ព្រមទាំងការស្នើសុំដំឡើងកម្រិតច្រកទ្វារព្រំដែនគោកពីភាគីវៀតណាម។ ក្រុមការងារបានសម្រេច និងឯកភាព បែងចែកក្រុមចុះពិនិត្យដោយផ្ទាល់តាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ដែលមានច្រកតំបន់ និងច្រកទ្វេរភាគី សិក្សាឲ្យបានល្អិតល្អន់ អំពីផលចំណេញដល់ប្រយោជន៍ជាតិ ៕
ដោយ : សហការី