ចិនគឺជាអ្នកជិតខាងដ៏ល្អដែលអាចប្រាស្រ័យបាន ជាមិត្តល្អដែលអាចពឹងពាក់បាន និងជាដៃគូល្អដែលអាចទុកចិត្តគ្នាបានសម្រាប់កម្ពុជាជារៀងរហូត

ចែករំលែក៖

ភ្នំពេញ : ចិនគឺជាអ្នកជិតខាងដ៏ល្អដែលអាចប្រាស្រ័យបាន ជាមិត្តល្អដែលអាចពឹងពាក់បាន និងជាដៃគូល្អដែលអាចទុកចិត្តគ្នាបានសម្រាប់កម្ពុជាជារៀងរហូត។ នេះជាការថ្លែងរបស់លោកWang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិន ក្នុងពិធីបើក ការដ្ឋានសាងសង់រោងជាងជួសជុលនាវាផែសំចតនិងស្តារឃ្លងក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនបានចាប់ផ្តើមជាផ្លូវការ។

សូមបញ្ជាក់ថា, នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នាថ្ងៃទី៨ខែមិថុនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវាផែសំចតនិងស្តារឃ្លងក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា, លោក Tang Hao សេនានុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា, នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់យោធា មន្រ្តីតំណាងខេត្តចំនួន៥ ប្រេសិតជាច្រើនប្រទេសប្រចាំកម្ពុជា និងបុគ្គលិកការដ្ឋាននៃគម្រោងខាងលើសរុបជាង២០០០រូបអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបន្តថា, ក្នុងសុន្ទរកថារបស់លោក Wang Wentian បានលើកឡើងថា មិត្តភាពចិននិងកម្ពុជាមានប្រវត្តិយូរអង្វែង ដែលរឹងមាំមិនអាចបំបែកបាន។ គម្រោងខាងលើដែលជាជំនួយឥតសំណងរបស់ភាគីចិនគឺជាសមិទ្ធផលផ្លែផ្កានៃការគោរពគ្នាទៅវិញទៅមកនិងការពិគ្រោះយោបល់ដោយស្មើភាពគ្នារវាងប្រទេសទាំងពីរ និងសមស្របតាមច្បាប់ក្នុងស្រុកនៃប្រទេសទាំងពីរ ច្បាប់អន្តរជាតិពាក់ព័ន្ធ និងការអនុវត្តអន្តរជាតិ គឺមិនសម្ដៅលើភាគីទីបីណាមួយឡើយ។ បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ នឹងជួយលើកកម្ពស់កម្រិតកសាងទំនើបកម្មលើវិស័យកងទ័ពជើងទឹកក្នុងប្រទេសកម្ពុជាបានយ៉ាងលេចធ្លោ មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ គម្រោងនេះគឺជានិមិត្តសញ្ញាដ៏សំខាន់នៃចំណងមិត្តភាព”ដែកថែប”រវាងប្រទេសនិងកងទ័ពទាំងពីរ និងជានិមិត្តសញ្ញាថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក! កងទ័ពចិននឹងបន្តផ្តល់ជំនួយដល់កងទ័ពកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជំរុញកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត និងមានភាពរីកចម្រើនថ្មីៗជាច្រើន។

លោក Wang Wentian បានបន្តទៀតថា ប្រទេសមួយចំនួនបានឃោសនាបំប៉ោងនិងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការប្រក្រតីរវាងចិននិងកម្ពុជា ប្រើលេសសិទ្ធិប្រជាធិបតេយ្យមកដាក់ទណ្ឌកម្មតាមអំពើចិត្តលើកម្ពុជាដោយឯកតោភាគីនិយម ប្រើអំណាច”យុត្តាធិការ”ហួសដែនកំណត់យ៉ាងគឃ្លើន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងកម្រោល ភាគីចិនប្រឆាំងដាច់ខាតចំពោះទង្វើទាំងនេះ។ បទពិសោធន៍មិនអាចកាត់ថ្លៃបានដែលចិននិងប្រទេសក្នុងអាស៊ានដទៃទៀតរួមទាំងកម្ពុជាដែលបានបង្កើតទំនាក់ទំនងសន្ទនាជាង៣០ឆ្នាំកន្លងមកនេះគឺ៖ ប្រកាន់ខ្ជាប់ការគាំពារសន្តិភាព ប្រឆាំងការបង្កបង្កើតសង្រ្គាមនិងចលាចល, ប្រកាន់ខ្ជាប់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ប្រឆាំងការតតាំងនិងការប្រឈមមុខដាក់គ្នា, ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រឆាំងអនុត្តរភាពនិងចរិកក្អេងក្អាង, ប្រកាន់ខ្ជាប់ការបើកចំហនិងបរិយាបន្ន ប្រឆាំងការបំបែកបំបាក់និងពហិកា។ ឯកតោភាគីនិយមនិងអត្មានិយមជ្រុលសុទ្ធតែមិនអាចទៅរួចទាល់តែសោះឡើយ, ទង្វើផ្តាច់ទំពក់ខ្សែសង្វាក់ផលិតកម្មនឹងគ្នានិងការដាក់សម្ពាធអតិបរិមាសុទ្ធតែមិនអាចទៅរួច, ការបង្កើត”ក្រុមតូចៗ”បែងចែកមិត្តតាមមនោគមន៍វិជ្ជានិងការញុះញង់តតាំងដាក់គ្នាសុទ្ធតែមិនអាចទៅរួចនោះឡើយ។

លោក Wang Wentian បានសង្កត់ធ្ងន់ថា ចិនគឺជាអ្នកជិតខាងដ៏ល្អដែលអាចប្រាស្រ័យបាន ជាមិត្តល្អដែលអាចពឹងពាក់បាន និងជាដៃគូល្អដែលអាចទុកចិត្តគ្នាបានសម្រាប់កម្ពុជាជារៀងរហូត។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកុងសុងស៊ីសសំខាន់ៗដែលថ្នាក់ដឹកនាំទាំងពីរកំណត់ជូន លើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ រួមគ្នាកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាឱ្យកាន់តែជិតស្និទ្ធ រួមចំណែកកាន់តែច្រើនក្នុងការបង្កើតអត្ថប្រយោជន៍ជូនដល់ប្រជាជនទាំងពីរប្រទេសនិងការកសាងសហគមន៍វាសនារួមរវាងចិននិងអាស៊ាន។

សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះភាគីចិនដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាសម្រាប់គម្រោងខាងលើនេះ។ បានវាយតម្លៃខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដែលរៀបចំឡើងដោយក្រុមការងារកម្ពុជា-ចិនលើគម្រោងមួយនេះ។ គម្រោងមួយនេះនឹងជួយលើកកម្ពស់សមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា ជាពិសេសគឺសមត្ថភាពតបទល់របស់កងទ័ពជើងទឹកកម្ពុជា ជួយលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជាក្នុងការការពារឯករាជ្យជាតិអធិបតេយ្យភាពនិងបូរណភាពទឹកដី ជួយលើកកម្ពស់កិត្តិនាមកងទ័ពកម្ពុជាក្នុងតំបន់និងលើឆាកអន្តរជាតិ ជួយលើកកម្ពស់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមករវាងកម្ពុជានិងប្រទេសជាមិត្ត និងជួយរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

សម្តេចពិជ័យសេនាបានសង្កត់ធ្ងន់ថា កម្ពុជានិងចិន គឺជាបងប្អូនល្អ ជាបងប្អូនដែកថែប និងជាបងប្អូនយូរអង្វែងដែលស្គាល់ចិត្តគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា។ ដូចថ្នាក់ដឹកនាំទាំងពីរធ្លាប់បានលើកឡើងថា“ចំណងមិត្តភាពជាប្រពៃណីប្រវត្តិសាស្រ្តរវាងកម្ពុជា-ចិនមានអាយុកាលយូរអង្វែង គឺជាទ្រព្យធនប្រពៃណីរវាងប្រជាជនយើងទាំងពីរ”។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក កងទ័ពទាំងពីរបានបង្ហាញទៅកាន់ពិភពលោកឱ្យឃើញពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជានិងចិន គឺជាចំណងមិត្តភាពយ៉ាងពិតប្រាកដរវាងប្រទេសនិងប្រទេស កងទ័ពនិងកងទ័ព ប្រជាជននិងប្រជាជន ដោយតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ មានដូចជាការលំហាត់រួមគ្នា”នាគមាស” សកម្មភាពរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងគម្រោងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថនិងវិទ្យាស្ថានទ័ពជើងគោកជាដើម។ បានផ្តល់ជាគំរូដ៏សំខាន់និងជាទ្រព្យធនដ៏មានតម្លៃសម្រាប់ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ កងយោធពលខេមរភូមិន្ទនឹងចងចាំជានិច្ចនូវចំណងមិត្តភាពរវាងប្រទេសនិងកងទ័ពទាំងពីរ នឹងជាមិត្តល្អរបស់ប្រជាជននិងកងទ័ពចិនជារៀងរហូតដែលរួមសុខនិងទុក្ខជាមួយគ្នា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print