ភ្នំពេញ៖ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានសរសើរ ចំពោះគណៈអភិបាលរាជធានីភ្នំពេញ, មន្រ្តីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធពិសេសគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុង កិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ធ្វើឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្ត ទៅដោយជោគជ័យ រលូន គ្មានអំពើហឹង្សា នៅរាជធានីភ្នំពេញ ។
ការកោតសរសើរដូច្នេះរបស់លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៧ របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួម លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ម៉ប់ សារិន. បានមានប្រសាសន៍ លើកឡើងថា៖ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុង កិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ធ្វើឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្ត ទៅដោយជោគជ័យ រលូន គ្មានអំពើហឹង្សា។ បានរារាំងទប់ស្កាត់សកម្មភាពរបស់អតីតបុគ្គលិកNaga World បានល្អ និងបានខិតខំប្រឹងប្រែង ក្នុងការកាត់ បន្ថយគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវក្នុងខែឧសភា ឆ្នាំ២០២២កន្លងមកនេះបានល្អប្រសើរ។
លោកម៉ប់ សារិន បានបន្តថា៖ ក្នុងខែឧស ភា ឆ្នាំ២០២២នេះ ឃើញថា មានកំណើនបរិមាណនៃការប្រមូលសំរាមជាមធ្យមក្នុង១ថ្ងៃ(៣៧៩៥,៧៣តោន) ហើយត្រូវបានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនបានល្អនិងទាន់ពេលវេលា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំអោយបន្តការផ្សព្វផ្សាយអំពីការប្រមូលវេចខ្ចប់ ការបញ្ចេញសំរាមតាមពេលកំណត់ដល់ខណ្ឌដែលមិនទាន់បានផ្សព្វផ្សាយ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជម្រុញអោយស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាលនិងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញជម្រុញការចាក់វ៉ាក់សាំងជូនកុមារអោយបានគ្រប់ដុសទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។ លោកថា នៅលើពិភពលោក គេបានទទួលស្គាល់រួចហើយថា ប្រទេសកម្ពុជាជាប្រទេសមួយដែលទទួលបានការចាក់វ៉ាក់សាំងល្អជាងគេ ដោយរហូតមកដល់ពេលនេះ មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩នោះទេ។ ដូច្នេះកាេងារនេះយើងត្រូវរួមគ្នាប្រឹងប្រែងបន្ថែមទៀត ព្រោះថាមនុស្សម្នាក់មិនអាចទទួលកាេងារនេះទទួលបានជោគជ័យនោះទេ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងទៀតថា៖ ចំពោះដើមឈើនៅក្នុងរាជធានីភ្នំពេញ ត្រូវតែអភិរក្សអោយបានល្អបំផុត ។ចំពោះដើមឈើចាស់ៗ ប្រហោងក្នុង ដែលអាចបង្កហានិភ័យ ដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ គឺអាចស្នើសុំកាប់បានតែត្រូវដាំជំនួសមកវិញ សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ នៅរក្សាបានជាទីក្រុងមានពណ៌បៃតង និងបរិស្ថានល្អ៕
