ស្ថានទូតចិននឹងមានការរៀបចំសកម្មភាពផ្សេងៗជាច្រើនដោយយកចិត្តទុកដាក់ដើម្បីជាការរំលឹកព្រះគុណរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ»

ចែករំលែក៖

ភ្នំពេញ : ស្ថានទូតចិននឹងមានការរៀបចំសកម្មភាពផ្សេងៗជាច្រើនដោយយកចិត្តទុកដាក់ដើម្បីជាការរំលឹកព្រះគុណរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ»។ នេះជាការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ខណៈលោកនិងលោកស្រី បានអញ្ជើញចូលគាល់និងថ្វាយព្រះសព្វសារធុការពរជ័យចំពោះសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានសរសេរថា, នាថ្ងៃទី៩ខែមិថុនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងលោកស្រី បានអញ្ជើញធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង ដើម្បីថ្វាយព្រះសព្វសារធុការពរជ័យចំពោះសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គផ្ទាល់នាពេលខាងមុខ។

ជាដំបូង លោកឯកអគ្គរដ្ឋទូតបានពាំនាំនូវពាក្យពេចន៍សួរព្រះរាជសុខទុក្ខនិងព្រះសព្ទសាធុការពរជ័យសិរីសួស្តីជ័យមង្គលរបស់ថ្នាក់ដឹកនាំចិន ថ្វាយចំពោះសម្ដេចព្រះមហាក្សត្រី។ លោកក៏បានតំណាងឱ្យមន្ត្រីគ្រប់រូបនៃស្ថានទូតចិនប្រចាំកម្ពុជាថ្វាយព្រះពរព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៌ និងមានព្រះជន្មាយុយឺនយូរ។ លោកបានបន្តទៀតថា ឆ្នាំនេះគឺគម្រប់ខួបយាងចូល១០០ព្រះវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ស្ថានទូតចិននឹងមានការរៀបចំសកម្មភាពផ្សេងៗជាច្រើនដោយយកចិត្តទុកដាក់ដើម្បីជាការរំលឹកព្រះគុណរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពលយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរ ក៏ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងពីរប្រទេសបន្តស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនិងចូលរួមយ៉ាងសកម្មក្នុងចំណងមិត្តភាពរវាងចិននិងកម្ពុជា។ ចិននិងកម្ពុជាជាមិត្តដែកថែបយ៉ាងពិតប្រាកដ។ ស្ថិតក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីទាំងពីរកំពុងតែជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យ និងចូលរួមកសាងសហគមន៍វាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។ លោកក៏បានថ្វាយព្រះពរជាថ្មីម្តងទៀត សូមព្រះអង្គមានព្រះរាជសុខភាពមាំមួន ដើម្បីបន្តជាម្លប់និងបន្តគាំទ្រនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យឋិតថេរជាអមតៈ។

សម្ដេចព្រះមហាក្សត្រីបានថ្លែងអំណរគុណចំពោះពាក្យពេចន៍សួរព្រះរាជសុខទុក្ខរបស់ថ្នាក់ដឹកនាំចិនថ្វាយចំពោះព្រះអង្គ។ ព្រះអង្គមានព្រះរាជបន្ទូលថា មិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ត្រូវបានបង្កើតដោយផ្ទាល់និងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសម្ដេច«ព្រះបរមរតនកោដ្ឋ»និងថ្នាក់ដឹកនាំចិនជំនាន់មុន បានក្លាយជាមិត្តភាពដែកថែបដែលមិនអាចបំបែកបាន។ ចាប់តាំងពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក ចិនបានបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមកកាន់កម្ពុជាយ៉ាងឆាប់រហ័សដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ បានផ្តល់ជំនួយជាវ៉ាក់សាំងនិងជាសម្ភារៈយ៉ាងច្រើនមកកាន់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ព្រះអង្គបានថ្លែងអំណរគុណដល់ភាគីចិនដែលតែងផ្តល់ជំនួយដ៏មានតម្លៃមកកាន់កម្ពុជាដើម្បីរអភិវឌ្ឍន៍ប្រទេសជាតិនិងវឌ្ឍនភាពសង្គម។ ព្រះរាជវង្សានុវង្សកម្ពុជានឹងបន្តយាងចូលរួមជាកម្លាំងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពមួយនេះ នឹងបន្តរួមចំណែកជាកម្លាំងក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍន៍ឥតឈប់ឈរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print