ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធបណ្ដាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសេចក្ដីរាយការណ៍ជំហានដំបូង បានឱ្យដឹងថា មូលហេតុនៃអំពើបាញ់ប្រហារពីសំណាក់មន្ដ្រីយោធាជាប្ដីទៅលើប្រពន្ធនេះ ត្រូវបានគេអះអាងថា ដោយសារតែឥទ្ធិពលភ្លើងប្រចណ្ឌ។
តែទោះយ៉ាងណាក៏ដោយ ក្រោយធ្វើសកម្មភាពរួចខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅ
ប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះ ជា អូន ខណៈជនរងគ្រោះជាប្រពន្ធឈ្មោះ នូ សុខនីតា។
បើតាមសេចក្តីរាយការណ៍ ក្រោយបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនហើយ ជនសង្ស័យមានបំណងបាញ់សម្លាប់ខ្លួនឯងដែរ ប៉ុន្តែគ្រាប់មិនផ្ទុះ។
សូមបញ្ជាក់ថា ក្តីស្រលាញ់មួយដើរដល់ផ្លូវបំបែក បានលែងលះគ្នាអស់រយៈ៣ខែ ហើយតែមិនទាន់ដាច់ស្រេច ចិត្តនៅនឹកស្រលាញ់ប្រពន្ធ ថាបើខ្លួនមិនបានក៏មិនចងឱ្យអ្នកណាក្រៅពីខ្លួនដែរ ខំលួងលោមអង្វរច្រើនលើកច្រើនសានៅតែមិនចុះសម្រុងគ្នា ។ កើតចិត្តក្តៅ មោហ៍បាំង មករករឿងអតីតប្រពន្ធដល់ផ្ទះ រហូតដកកាំភ្លើងខ្លីបាញ់សម្លាប់អតីតប្រពន្ធចំនួន២គ្រាប់ និងបាញ់ខ្លួនឯង១គ្រាប់តែមិនស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសជាប្តីឈ្មោះ ជា អូន អាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីយោធា បម្រើការងារនៅអង្គភាពណាមិនទាន់ដឹងនៅឡើយទេ។
សូមអានសំណេរខាងក្រោមដែលបុរសជាប្តីផុសមុនពេលបាញ់សម្លាប់ប្រពន្ធ។
«ខ្ញុំសុំទោសម៉ាក់ប៉ាទាំងសងខាងកូនមិនចង់ធ្វើអញ្ចឹងទេ ព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន ហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឱ្យខ្ញុំទេ ខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំ បំពានខ្ញុំ ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ
កូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាក់ប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត!
កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង
ទ្រព្យដែលខ្ញុំមាននិងប្រពន្ធផ្តល់ឱ្យនិងថែរក្សាកូនខ្ញុំផង
កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន៕
ដោយ : សហការី