ខេត្តកំពត : ថ្លែងប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានលើកឡើងពីគុណតម្លៃនៃវិជ្ជាជីវៈគ្រូបង្រៀន ហើយបានគូសបញ្ជាក់ថា៖ «ការយល់ច្បាស់ពីចក្ខុវិស័យរបស់ សង្គមជាតិ ការសម្លឹងមើលឲ្យឆ្ងាយ និងយល់ច្បាស់ពីតួនាទីដ៏មានតម្លៃរបស់លោកគ្រូ អ្នកគ្រូម្នាក់ៗចំពោះការអភិវឌ្ឍជាតិ គឺជាកត្តាសំខាន់បំផុត»។
ខណៈនៃការលើកឡើងខាងលើ លោក ក៏បានមានប្រសាសន៍អំពីការកំណត់វិស័យអាទិភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ហើយសង្កត់ធ្ងន់ថាក្នុងវិស័យនីមួយៗទាមទារនូវធនធានមនុស្សដែលមានសមត្ថភាព។ ជាក់ស្តែង តាមរយៈ គោលនយោបាយជាតិនានា ជាពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ (២០១៩-២០២៣) រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក «មនុស្ស» ជាអាទិភាពទីមួយ មុនផ្លូវ ភ្លើង ទឹក ដែលការអភិវឌ្ឍធនធានមនុស្ស ប្រាកដណាស់ចេញពីតួនាទីដ៏សំខាន់របស់លោកគ្រូ អ្នកគ្រូ។ លោក បានបន្តថាការអប់រំ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានាសម្រាប់ការរីកចម្រើនរបស់សង្គមជាតិ គ្រប់កាលៈទេសៈ ចាប់តាំងពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតដល់ដំណាក់កាលចុងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តទៅថ្ងៃអនាគត ៕