បេីកម៉ូតូបុកគោយន្តដែលបេីកកាត់ទទឹងផ្លូវបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់៣នាក់

ចែករំលែក៖

ខេត្តកណ្តាល​៖ អ្នកបេីកម៉ូតូម្នាក់និងអ្នករួមដំណេីរ២នាក់ទៀតបានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ខណៈដែលបេីកម៉ូតូបោះពួយទៅបុកគោយន្តដែលបេីកឆ្លងផ្លូវកាលព្រឹកព្រលឹមថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង០៥និង១៥នាទី​ព្រឹកនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយហេតុការណ៍កេីតឡេីងភ្លាមអ្នកបេីកគោយន្តបានបេីករត់គេចខ្លួនបាត់ស្រមោល។ 

    មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា​ ជនរងគ្រោះដែលស្លាប់ទាំង៣នាក់មានស្រី២នាក់គឺទី១​-ឈ្មោះឈាង ស៊ីន ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបេីកម៉ូតូ​, ទី២​-ឈ្មោះ លាង ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ (អ្នករួមដំណេីរ)និងទី៣-ឈ្មោះ អោន ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ​(អ្នករួមដំណេីរ​)​ អ្នកទាំងបីមានទីលំនៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

​     មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានបន្តឱ្យដឹងទៀតថា​នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-1943 បើកបរដោយឈ្មោះ ឈាង ស៊ីន បានដឹកជនរងគ្រោះទាំង២នាក់ខាងលេីក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកគោយន្តដែលបើកឆ្លងកាត់ថ្នល់ពីលិចទៅកើតបណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់នៅកន្លែងកើតហេតុ ។ សាកសពត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូដែលខូចខាតធ្ងន់បានយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តការស្រាវជ្រាវតាមនីតិវិធី៕

   

ដោយ៖ស្អាង ជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print