នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖ ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ប្រទេសនៅតែមាន បើមិនបំបាត់ប្រភពហិរញ្ញវត្ថុ

ចែករំលែក៖

ភំ្នពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ផ្សេងៗនៅតែមាន និងមិនមានការថយចុះគិតទាំងពិភពលោក និងតំបន់ដែលក្នុងនោះចំនុចមួយដែលសំខាន់ គឺពាក់ព័ន្ធហិរញ្ញវត្ថុ ដែលហៅថា ហិរញ្ញទានគ្រឿងញៀន។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២២។ 

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញទានភេវរកម្ម (បសប ហ.ភ) តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ ខណៈអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្អាតប្រាក់ជុំទី៩ និងជុំទី១០ ផ្សព្វផ្សាយដាក់អោយប្រើប្រាស់ប្រព័ន្ធទិន្នន័យថ្មី (Database System) និងទិសដៅការងារអនុវត្តបន្ត នាព្រឹកថ្ងៃទី១៣ មិថុនានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែង​បន្តថា ការបង្ក្រាបតាមផ្លូវច្បាប់ ការចាប់ផ្តន្ទាទោសដោយមិនបានបំបាត់ប្រភពហិរញ្ញវត្ថុនេះទេ គឺមិនអាចបង្ក្រាបបទល្មើសគ្រឿងញៀននេះបានទេ។ លោក ក៏បានជម្រុញឱ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ និងបានដាក់ទិសដៅការងារចំនួន៤ចំណុចដូចខាងក្រោម ៖ 

១-បន្តស៊ើបអង្កេតករណីដែលនៅដក់សល់នៅជុំទី៩ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿងទៅតុលាការឲ្យបានឆាប់រហ័ស។

២-បន្តស៊ើបអង្កេតករណីជុំទី១០ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿងទៅតុលាការឲ្យបានឆាប់រហ័ស។

៣-ធ្វើរបាយការណ៍ទៅប្រធានអង្គភាព លើករណីដែលសន្មត់ថាគ្មានសញ្ញាណសម្អាតប្រាក់ឲ្យបានឆាប់រហ័ស និងដាក់កាលបរិច្ឆេទតាមថ្ងៃដែលបញ្ជូនសំណុំរឿងទៅតុលាការ។

៤-ចងក្រងស្ថិតិករណីសម្អាតប្រាក់នៅតាមបណ្តាស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីគ្រប់គ្រងទិន្នន័យឲ្យបានច្បាស់លាស់។

បើតាមរបាយការណ៍ដែលអានដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀនបានអោយដឹងថា៖ ស្ថិតិរបាយការណ៍ក្នុងជុំទី៩ ករណីគ្រឿងញៀនសរុបចំនួន ២១៤៨ករណី ក្នុងនោះ ៖ ករណីតូចតាចចំនួន ១៨៧៩ករណី, ករណីធម្មតាចំនួន ២៤០ករណី, ករណីធ្ងន់ធ្ងរ ចំនួន ២៩ករណី ហើយស្ថិតិដែលសន្មត់ថាគ្មានសញ្ញាណសម្អាតប្រាក់ចំនួន ១២០ករណី។

របាយការណ៍វឌ្ឍនភាពជុំទី៩របស់កម្ពុជា ទទួលបានការកោតសរសើរពីក្រុមការងារ JG និងបានដំឡើងចំណាត់ថ្នាក់ឲ្យ I06 , I07 , I011 ទៅជា Largely addresses ប៉ុន្តែត្រូវបន្តការរាយការណ៍។

ស្ថិតិបណ្តោះអាសន្នករណីសម្អាតប្រាក់ជុំទី១០ ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ករណីបង្ក្រាបគ្រឿងញៀនសរុបមានចំនួន១០២៨ករណី ដែលក្នុងនោះករណីតូចតាចមានចំនួន៩៦២ករណី, ករណីធម្មតាមានចំនួន៦២ និងករណីធ្ងន់ធ្ងរមានចំនួន៤ករណី បានបញ្ជូនសំណុំរឿងទៅតុលាការចំនួន៤ករណី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print