អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីMaria Zakharova បានប្រកាសកាលពីថ្ងៃទី ១៥ខែមិថុនា ថា ប្រទេសលោកខាងលិចបានធ្វើអត្តឃាត«បាញ់ចំក្បាលរបស់ខ្លួន» ក្នុងពេលព្យាយាមកាត់បន្ថយការទិញប្រេងពីរុស្ស៊ីដោយសារវិវាទនៅអ៊ុយក្រែន។ ចំណែកចិនវិញ គឺជាប្រទេសឆ្លាតវៃ ដើរផ្ទុយពីប្រទេសលោកខាងលិច។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ បានដកស្រង់សម្តីលោកស្រី Maria Zakharova បានបញ្ជាក់ថា លោកខាងលិច «ប្រៀបដូចជាបានយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង» តាមរយៈការរឹតត្បិតលើការនាំចូលថាមពលប្រេង និងឧស្ម័នពីតំបន់ស៉ីបេរី ដោយសារតែបញ្ហាជម្លោះនៅអ៊ុយក្រែន ផ្ទុយស្រឡះពីចិនដែលត្រូវបានគេរាយការណ៍ថាបាន បង្កើនការទិញថាមពលពីរុស្ស៉ី។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានលើកឡើងថា ភាពជាដៃគូយុទ្ធសាស្រ្តរបស់រុស្ស៉ីជាមួយចិន បានទប់ទល់នឹងការប៉ុនប៉ងរបស់លោកខាងលិចដើម្បីសាបព្រោះភាពមិនចុះសម្រុង ស្របពេលដែល សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួនផ្សេងទៀតបានបំផ្លាញទំនាក់ទំនងជាមួយទីក្រុងមូស្គូ។
លោកស្រី ហ្សាខារ៉ូវ៉ា បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ការផ្គត់ផ្គង់ថាមពលកំពុងកើនឡើងជាលំដាប់។ ចិនដឹងពីអ្វីដែលខ្លួនចង់បាន ហើយមិនផ្តាច់ផ្លូវរបស់ខ្លួនឯងឡើយ ប៉ុន្តែលោកខាងលិចឯណោះទេដែលហាក់ដូចជាយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង»។
រុស្ស៉ីគឺជាប្រទេសនាំចេញប្រេងធំជាងគេទី២របស់ពិភពលោក បន្ទាប់ពីអារ៉ាប់ប៊ីសាអូ៊ឌីត និងជាប្រទេសនាំចេញឧស្ម័នធំជាងគេរបស់ពិភពលោក។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូបាននិងកំពុងធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ, ប្រេងចម្អិនអាហារ, ជី និងថាមពលកើនឡើងយ៉ាងខ្លាំង ខណៈដែលអឺរ៉ុបប្តេជ្ញាកាត់បន្ថយការពឹងផ្អែកលើប្រេងនិងឧស្ម័នរបស់រុស្ស៉ី៕ ដោយធីរីណា
រូបថត : Reuters